រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពិធីមង្គលការយុវវ័យ (ស្ម័គ្រចិត្ត) ត្រូវបានរៀបចំតាំងពីសម័យដើម រហូតដល់បច្ចុប្បន្ន នៅខេត្តបន្ទាយមានជ័យ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គណៈកម្មការវត្តបឹងត្រាវ បានឱ្យដឹងថា ពិធីមង្គលការយុវវ័យស្ម័គ្រចិត្តនេះ ត្រូវបានធ្វើឡើងតាំងពីសម័យដើម រហូតមកដល់បច្ចុប្បន្ន នៅតែបន្តអនុវត្ត ដោយមានពិធីដូចជា លើកជំនូន និងផ្ទឹមចងដៃ ក្រោមការចូលរួមពីអាជ្ញាធរស្រុក ឃុំ/ភូមិ និងប្រជាពលរដ្ឋជាច្រើន។ ថវិកាដែលទទួលបានពីការចងដៃកូនម្លោះ និងកូនក្រមុំ ត្រូវបានយកទៅប្រើសម្រាប់កសាងសមិទ្ធិផលក្នុងវត្ត។

ពិធីនេះ មានការចូលរួមពីមេភូមិ មេឃុំ និងអភិបាលស្រុកមង្គលបូរី ព្រមទាំងចាស់ទុំ និងប្រជាពលរដ្ឋជាច្រើន ហើយត្រូវបានរៀបចំតាមប្រពៃណីខ្មែរ ដូចពិធីអាពាហ៍ពិពាហ៍ ប៉ុន្តែធ្វើឡើងយ៉ាងសាមញ្ញ ដើម្បីប្រមូលបច្ច័យសម្រាប់កសាងវត្ត និងលើកកម្ពស់សកម្មភាពសាសនាក្នុងវត្ត។

ការរៀបចំពិធីមង្គលការយុវវ័យស្ម័គ្រចិត្តនេះ មិនមែនជាការរៀបការពិតប្រាកដ ឬក្លាយជាប្តីប្រពន្ធឡើយ ប៉ុន្តែជាការរៀបចំសម្រាប់កៀរគរថវិកាពីប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ វត្តបឹងត្រាវ តែងតែរៀបចំពិធីនេះជារៀងរាល់ឆ្នាំ នៅអំឡុងពេលបុណ្យចូលឆ្នាំថ្មី ដោយមានយុវជនស្ម័គ្រចិត្តចូលរួមប្រហែលពី ១ គូ ទៅ ២ គូ ក្នុងមួយឆ្នាំ។

គួររំលឹកថា វត្តបឹងត្រាវ និងវត្តកោះកេតអូរប្រាសាទ កាលពីសម័យមុន មានយុវជនខ្លះបានដឹកដៃគូសង្សា ឬមិត្តភក្តិជិតស្និទ្ធ មកស្ម័គ្រចិត្តរៀបមង្គលការ ដើម្បីរកបច្ច័យជូនវត្ត ហើយបន្ទាប់ពីត្រឡប់ទៅផ្ទះវិញ ក៏មានករណីខ្លះបានឱ្យឪពុកម្តាយ ចូលដណ្តឹងរៀបការពិតប្រាកដផងដែរ។ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…