រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នគរបាលដែលយកកែវស្រាគប់អ្នកចាប់ទឹកកកបែកក្បាលនៅកំពតត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្ន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

មន្រ្តីនគរបាលម្នាក់ដែលយកកែវស្រាគប់ទៅលើអ្នកចាប់ទឹកកក បណ្តាលឱ្យរងរបួសបែកក្បាល ត្រូវបានតុលាការខេត្តកំពតសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត។ បើតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក សេង ម៉ាឡាប ចៅក្រមសើបសួរនៃសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៤ ខែមេសានេះ បានសម្រេចឃុំខ្លួនមន្ត្រីនៃអធិការដ្ឋាននគរបាលក្រុងកំពតឈ្មោះ ទេព សុខផេង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសាធារញៀន។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួន បានបញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈនាំខ្លួនជនត្រូវចោទ ទេព សុខផេង ជាមន្រ្តីនគរបាល កម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ទៅពន្ធនាគារខេត្តកំពត។ ក្រោយពីចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យឃុំខ្លួន ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ បានបញ្ជាក់ថា ក្រុមប្រឹក្សារវិន័យនៃស្នងការដ្ឋាននគរបាលខេត្ត នឹងធ្វើរបាយការណ៍ស្នើទៅ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យនិងកាត់ឈ្មោះមន្ត្រីដែលមានឈ្មោះ ទេព សុខផេង ចេញពីក្របខ័ណ្ឌនគរបាលជាតិ។ លោកស្នងការខេត្ត បានបញ្ជាក់បន្ថែមថា មន្ត្រីជាអ្នកអនុវត្តច្បាប់ និងត្រូវមានសីលធម៌ល្អជាមួយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ជាមន្ត្រីមិនមែនជាអ្នកគៀបសង្កត់លើប្រជាពលរដ្ឋនោះទេ សម្រាប់មន្ត្រីនគរបាលជាតិទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តកំពតមិនត្រូវយកគំរូតាមបុគ្គលខាងលើនេះជាដាច់ខាត។

សូមរំលឹកថា កាលពីយប់ថ្ងៃទី១៩ ខែមេសា មន្ត្រីនគរបាលក្រុងកំពតម្នាក់ បានប្រើអំពើហិង្សាដោយយកកែវគប់មកលើពលរដ្ឋជាស្រ្តីស៊ីឈ្នួលចាប់ទឹកកកម្នាក់ បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចពេញផ្ទៃមុខ និងដេរជាច្រើនថ្នេរ។ លុះព្រឹកថ្ងៃទី២១ ខែមេសា កម្លាំងនគរបាលខេត្តកំពត បានឃាត់ខ្លួនមន្រ្តីនគរបាលរូបនេះកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…