យោងតាមសំណេររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចបានអបអរសាទរទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «ប្ដេជ្ញាបញ្ចប់ជំងឺគ្រុនចាញ់៖ ឥឡូវនេះ យើងអាចធ្វើបាន និងយើងត្រូវតែធ្វើ»។ សម្ដេចបានបញ្ជាក់ថា ប្រធានបទនេះបង្ហាញពីការប្ដេជ្ញារួមក្នុងការសម្រេចគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅកម្ពុជា និងចូលរួមគាំទ្រគោលដៅតំបន់ និងសកល ព្រមទាំងអំពាវនាវឱ្យភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិបន្តសហការប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។
សម្ដេចបានគូសបញ្ជាក់ថា ប្រធានបទទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ និងវឌ្ឍនភាពរបស់កម្ពុជាបង្ហាញថា ការលុបបំបាត់ជំងឺគ្រុនចាញ់អាចសម្រេចបានតាមរយៈការខិតខំរួមគ្នារបស់បុគ្គល គ្រួសារ សហគមន៍គ្រប់កម្រិត និងគ្រប់ភាគីទាំងជាតិ និងអន្តរជាតិ។
សម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋការពារខ្លួនពីមូសខាំ និងរួសរាន់ស្វែងរកសេវាពិគ្រោះពិនិត្យសុខភាពនៅកន្លែងជិតបំផុត ប្រសិនបើសង្ស័យថាឆ្លងជំងឺគ្រុនចាញ់ក្រោយស្នាក់នៅតំបន់មានហានិភ័យ។ ការបញ្ចប់ជំងឺគ្រុនចាញ់ត្រូវជាគោលដៅរួម ដើម្បីការពារខ្លួន និងគ្រួសារ ព្រមទាំងលើកកម្ពស់ជីវភាពសង្គមសេដ្ឋកិច្ច។ អត្ថបទ៖ ឡាយ កុល

