រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រទះឃើញកូនផ្សោតទើបកើតថ្មី១ទៀតដែលជាកូនផ្សោតទី៦បានកត់ត្រានៅដើមឆ្នាំ២០២៦

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កូនផ្សោតទន្លេមេគង្គទើបកើតថ្មីចំនួន១ក្បាលទៀត ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ដែលនេះគឺជាកូនផ្សោតទី៦ហើយដែលត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។

កូនផ្សោតនេះ ត្រូវបានរកឃើញដោយក្រុមផលិតព័ត៌មាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង១៥:២០នាទីរសៀល ហើយក៏ត្រូវបានចុះផ្ទៀងផ្ទាត់ដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF។

បើតាមក្រសួងកសិកម្ម កូនផ្សោតនេះ មានអាយុប្រមាណ ៣ថ្ងៃ មានសុខភាពល្អ និងកំពុងហែលលេងជាមួយក្រុមសត្វផ្សោតពេញវ័យប្រមាណ៦ក្បាលផ្សេងទៀត។ តាមរយៈវត្តមានថ្មីនៃកូនផ្សោតទី៦ដែលបានកត់ត្រានៅដើមឆ្នាំ២០២៦ បានធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងសរុបដល់ ១១៨ក្បាល។

ក្រសួងកសិកម្ម បានសម្តែងការអរគុណចំពោះឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃនេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងស្ថាប័នរដ្ឋ អង្គការដៃគូ និងសហគមន៍មូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាបាននូវកំណើនសត្វផ្សោតជាបន្តបន្ទាប់។

ទន្ទឹមនឹងលទ្ធផលដ៏គាប់ប្រសើរនេះ ក្រសួងបានអំពាវនាវដល់ប្រជានេសាទ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តកិច្ចសហការ និងចូលរួមការពារសត្វផ្សោតដែលជារតនសម្បត្តិជាតិមានជីវិតរបស់យើង តាមរយៈការចូលរួមថែរក្សាបរិស្ថានទន្លេ និងគោរពតាមការណែនាំរបស់ឆ្មាំទន្លេ ដើម្បីឱ្យកូនផ្សោតតូចៗទាំងនេះអាចធំធាត់ដោយសុវត្ថិភាព។ ការចូលរួមរបស់បងប្អូន គឺជាដង្ហើមរស់របស់សត្វផ្សោតទន្លេមេគង្គ។

ប្រសិនបើបងប្អូនបានប្រទះឃើញសត្វផ្សោត ជាពិសេសកូនផ្សោត សូមរួសរាន់ផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល តាមរយៈលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២ ដើម្បីរួមគ្នាអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយរៀងរហូតតទៅ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…