ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញដល់ទីក្រុងសេប៊ូ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨

KPS99TV

សេចក្តីសង្ខេប

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដល់ទីក្រុងសេប៊ូ នៅរសៀលថ្ងៃទី៧ ខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងធ្វើនៅថ្ងៃទី៧–៨ ខែឧសភា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋាន MCIA General Aviation (Gen-Av) ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

នៅពេលអញ្ជើញមកដល់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម Francisco Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃប្រទេសម្ចាស់ផ្ទះ។

ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឆ្នាំ២០២៦ ដែលកិច្ចប្រជុំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ។

អញ្ជើញអមដំណើរ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងតំណាងវិស័យឯកជនមកពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។

ការចូលរួមរបស់កម្ពុជាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨នេះ ត្រូវបានចាត់ទុកថា ជាការបន្តបង្ហាញពីតួនាទីសកម្ម និងការប្តេជ្ញារបស់កម្ពុជា ក្នុងការពង្រឹងសាមគ្គីភាពអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការតំបន់ និងរួមចំណែកដោះស្រាយបញ្ហាប្រឈមនានានៅលើឆាកអន្តរជាតិ៕ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…