តាមសេចក្ដីរាយការណ៍ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពី៣សប្តាហ៍មុន សម្តេចបាននិពន្ធចម្រៀងមួយបទដែលមានចំណងជើងថា «បាយម្ហូបស្រីដាំ» ដើម្បីរំលឹកដល់អនុស្សាវរីយ៍កាលពី៥១ឆ្នាំមុន ខណៈគ្រូពេទ្យក្រមុំម្នាក់បានដាំសម្លដោយផ្ទាល់ដៃឱ្យយុវជនយោធាម្នាក់ទទួលទាន នៅក្នុងខែសីហា ឆ្នាំ១៩៧៥។ ពេលនោះ សម្តេចបានបាត់បង់ភ្នែកខាងឆ្វេងរួចទៅហើយ ប៉ុន្តែគ្រូពេទ្យរូបនោះនៅតែទទួលសម្តេចឱ្យស្នាក់នៅមន្ទីរពេទ្យ ដែលគាត់ទទួលខុសត្រូវ ស្ថិតនៅឃុំឈូក ស្រុកក្រូចឆ្មារ និងបានដាំសម្លដោយផ្ទាល់ដៃឱ្យសម្តេចទទួលទានថែមទៀតផង។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចចូលស្នាក់នៅមន្ទីរពេទ្យនោះ មិនមែនក្នុងនាមជាអ្នកជំងឺនោះទេ ប៉ុន្តែជាភ្ញៀវរបស់ប្រធានមន្ទីរពេទ្យ ដែលក្រោយមកបានក្លាយជាភរិយារបស់សម្តេច។
សម្តេចតេជោ បានមានប្រសាសន៍បន្តថា កាលពីម្សិលមិញ សម្តេចបានទទួលរូបថតមួយចំនួន ដែលថតកាលពីឆ្នាំ២០០១ នៅពេលទស្សនាវដ្តីបរទេសមួយ មកសម្ភាសន៍ភរិយារបស់សម្តេច ខណៈកំពុងដាំសម្ល។ ក្មេងស្រីដែលគាត់កន្តៀតនៅក្នុងរូបនោះ គឺជាចៅស្រីទី១ ដែលពេលនោះទើបមានអាយុជាងមួយខួប និងតែងតែនៅជាមួយជីដូនជីតា។
សម្តេចតេជោ បានបន្ថែមថា ដោយសារភរិយារបស់សម្តេចបានដាំសម្លឱ្យសម្តេចទទួលទានតាំងពីនៅជាយុវវ័យ និងបន្តរៀបចំបាយម្ហូបឱ្យសម្តេចគ្រប់ពេលរហូតមកដល់សព្វថ្ងៃ បន្ទាប់ពីទទួលបានរូបថតទាំងនោះ សម្តេចក៏សម្រេចប្រសិទ្ធនាមឱ្យភរិយាថា «ចុងភៅម្ហូបឆ្ងាញ់»។
សម្តេចតេជោ បានបញ្ចប់ដោយសារកំប្លែងថា សង្ឃឹមថា ភរិយារបស់សម្តេចមិនបានឃើញការបង្ហោះសារនេះទេ ព្រោះសម្តេចមិនទាន់បានសុំការយល់ព្រមពីគាត់លើឈ្មោះនេះនៅឡើយ ហើយសម្តេចក៏បានថ្លែងអំណរគុណដល់ «ចុងភៅម្ហូបឆ្ងាញ់» ផងដែរ៕ ដោយ៖ ប៉ៃ សុឃីម





