តាមសេចក្ដីរាយការណ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ នាយប់ថ្ងៃទី៨ ខែឧសភា បន្ទាប់ពីបានបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសេប៊ូ ប្រទេសហ្វីលីពីន។ ក្នុងកិច្ចប្រជុំនេះ សម្តេចធិបតីបានលើកពីសន្តិសុខថាមពល សន្តិសុខស្បៀងអាហារ និងសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ាន។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា សម្តេចធិបតីបានលើកឡើងថា អាស៊ាននៅតែជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា។ អំណាចទន់របស់អាស៊ានគឺកើតចេញពីតួនាទី ជាអន្តរការីដែលអាចជឿទុកចិត្តបាន និងមានអព្យាក្រឹត្យភាពក្នុងការចូលរួមជាមួយបណ្តាភាគីដោយយុត្តិធម៌ និងភាពជឿជាក់នៅក្នុងបរិបទដែលពិភពលោកកាន់តែប្រឈមចំពោះភាពបែកបាក់។
ពាក់ព័ន្ធនឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៦-២០៣០ រួមទាំងការពន្លឿនការអនុវត្តច្រកចេញចូលអាស៊ានតែមួយ២.០ ការជំរុញអន្តរប្រតិបត្តិការឌីជីថល ការពន្លឿន ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូខាងក្រៅ រួមមាន កាណាដា និងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ព្រមទាំងការឈានទៅរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។
ពាក់ព័ន្ធបញ្ហាសន្តិសុខ និងភាពធន់ថាមពល សម្ដេចធិបតី បានផ្តោតសារៈសំខាន់នៃការពន្លឿនការផ្តល់សច្ចាប័ន និងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីសន្តិសុខប្រេងឥន្ធនៈ ព្រមទាំងការជំរុញបណ្តាញថាមពលអាស៊ាន (APG) និងបំពង់បង្ហូរឧស្ម័នឆ្លងអាស៊ាន ដើម្បីពង្រឹងភាពធន់ថាមពល និងភាពបត់បែននៃការផ្គត់ផ្គង់ក្នុងតំបន់។
ពាក់ព័ន្ធនឹងសន្តិសុខស្បៀង សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងប្រព័ន្ធស្បៀងក្នុងតំបន់ និងការលើកកម្ពស់ការត្រៀមខ្លួនរបស់អាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយន្តការតំបន់ដែលមានស្រាប់ រួមមានយន្តការអាស៊ានបូកបីស្តីពី ការបម្រុងទុកស្រូវអង្ករក្នុងគ្រាអាសន្ន (APTERR) និងប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន។ សម្តេចធិបតី បានអះអាងជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមជាប្រទេសដែលមានអតិរេកស្បៀង ក្នុងការចូលរួមចំណែកប្រកបដោយអត្ថន័យដល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់លើសន្តិសុខស្បៀង។
សម្តេចធិបតី ក៏បានលើកឡើងអំពីផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលកើតចេញពីភាពតានតឹងនៅមជ្ឈិមបូព៌ា រួមទាំងសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋអាស៊ាននៅក្នុងតំបន់ដែលរងផលប៉ះពាល់។ សម្តេចធិបតី បានបង្ហាញភាពរីករាយដោយបានឃើញប្រទេសសមាជិកអាស៊ានជួយគ្នាទៅវិញទៅមកស្របតាមសេចក្តីថ្លែងការណ៍ស្ដីពីគោលការណ៍ណែនាំស្តីពីកិច្ចសហប្រតិបត្តិការកុងស៊ុលដោយស្ថានបេសកកម្មរបស់ប្រទេសសមាជិកអាស៊ាននៅប្រទេសទីបីជូនដល់ប្រជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ានដទៃទៀត និងគោលការណ៍ណែនាំស្តីពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ដោយស្ថានបេសកកម្មអាស៊ាននៅប្រទេសទីបីជូនដល់ប្រជាពលរដ្ឋនៃប្រទេសសមាជិកអាស៊ានក្នុងគ្រាអាសន្ន៕
ដោយ៖ ង៉ែត ពិសាន្ត







