តម្លៃមាសបានកើនឡើង ដោយនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានឈានដល់ ៥៧២៧ ដុល្លារ ស្របពេលស្ថានការណ៍តានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។
បើតាមលោក ឡុង សំណាង នាយកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុន PP Link securities បានឱ្យដឹងថា ការកើនឡើងនៃតម្លៃមាសនេះ គឺបណ្តាលមកពីសម្ពាធនៃជម្លោះនយោបាយ និងសង្គ្រាម ដែលធ្វើឱ្យទីផ្សារមាសមានការប្រែប្រួលខ្លាំង។ លោកបន្ថែមថា ភាពតានតឹងនេះអាចធ្វើឱ្យតម្លៃមាសស្ថិតនៅកម្រិតខ្ពស់លើសពី ៥ ពាន់ដុល្លារ ក្នុងរយៈពេលយូរ។
លោកពន្យល់ថា ជម្លោះរវាងប្រទេសទាំងពីរ អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងនៅលើទីផ្សារពិភពលោក ដែលជាហេតុនាំឱ្យតម្លៃប្រេងកើនឡើង។ ដោយសារការទិញប្រេងត្រូវប្រើប្រាក់ដុល្លារ កត្តានេះក៏ធ្វើឱ្យតម្រូវការប្រាក់ដុល្លារកើនឡើងផងដែរ។ ទោះបីជាតម្លៃមាសអាចធ្លាក់ចុះបន្តិចក្នុងរយៈពេលខ្លី ក៏ដោយ ប៉ុន្តែមាសនៅតែមានឱកាសឡើងថ្លៃវិញ ប្រសិនបើស្ថានភាពតានតឹង ឬការចរចារវាងអាមេរិក និងអ៊ីរ៉ង់ មានភាពប្រសើរឡើង៕
អត្ថបទ ៖ ឡាយ កុល



