ផ្លែទុរេនរបស់កម្ពុជាមានទម្ងន់ប្រមាណ ១៧តោន ត្រូវបានវេចខ្ចប់តាមស្ទង់ដារ និងត្រូវបាននាំចេញជាជើងដំបូងទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
ការនាំចេញផ្លែទុរេនរបស់កម្ពុជាទៅលក់នៅលើទីផ្សាររបស់ប្រទេសចិន ធ្វើឡើងដោយក្រុមហ៊ុន អេច អេហ្វ ហ្រ្វូត ឯ.ក (HF FRUIT LTD.) បានសហការជាមួយក្រុមហ៊ុននៅប្រទេសចិន បន្ទាប់ពីអគ្គរដ្ឋបាលគយចិន (GACC) កាលពីថ្ងៃទី០៥ ខែកក្កដា បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេនចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។
ក្រុមហ៊ុន ក៏បានបង្ហាញប្រាប់ពីការគ្រោងវិនិយោគលើដំណាំទុរេននេះ រាប់សិបតោនទៅកាន់ទីផ្សារប្រទេសចិន តាមរយៈការប្រមូលទិញពីកសិករ ដែលដាំទុរេន ក្នុងខេត្តត្បូងឃ្មុំទាំងអស់ ដោយកំណត់ទិញទៅតាមទំហំផ្លែ ប្រភេទផ្លែ និងគុណភាពនៃផ្លែទុរេន តាមតម្លៃទីផ្សាជាក់ស្តែង។
លោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ជាក់ស្តែងកាលពីមុន កសិករដែលដាំដុះដំណាំទុរេននេះ ពុំទាន់មានទីផ្សារទូលំទូលាយនៅឡើយ ដោយគ្រាន់តែ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសថៃប៉ុណ្ណោះ។ ប៉ុន្តែ ពេលនេះយើងមានទីតាំងរោងចក្រ ដែលប្រមូលទិញផ្លែទុរេន និងវេចខ្ចប់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករក្នុងខេត្ត សម្រាប់ដាំណាំប្រភេទនេះ ពោលងាយស្រួលក្នុងការលក់ ព្រមទាំងទទួលបានតម្លៃសមរម្យ ប្រកបដោយទំនុកចិត្តខ្ពស់ និងមានគុណភាព។ ពេលនេះ យើងមិនមែនមានទីផ្សារនាំចេញ តែប្រទេសថៃ និងវៀតណាមប៉ុណ្ណោះទេ តែមានការនាំចេញ ទៅកាន់ប្រទេសចិនបន្ថែមទៀត ងាយស្រួលដល់កសិករ ក្នុងការជ្រើសរើសលក់ ទៅឱ្យរោងចក្រនាំចេញនីមួយៗ។
សូមជម្រាបថា ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបាន បរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ ដោយឡែកសម្រាប់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នមានផ្ទៃដីដាំដុះ ដំណាំទុរេនទូទាំងខេត្ត សរុបប្រមាណ ៩៥០ហិកតា៕
ប្រភពពី៖ ក្រសួងព័ត៌មាន
ដោយ៖ ង៉ែត ពិសាន្ត





