លោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមតាមដាន និងពិនិត្យការស្ថាបនា និងជួសជុលផ្លូវជាមួយអាជ្ញាធរ ដើម្បីធានាថា ផ្លូវដែលសាងសង់មានគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។
ការលើកឡើងនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងមួយខ្សែ ប្រវែង ៤៥០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិចន្ទ្រា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលជាសមិទ្ធផលអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៦។
លោកអភិបាលស្រុក បានមានប្រសាសន៍ថា ប្រជាពលរដ្ឋគឺជាម្ចាស់ផ្លូវ ដូច្នេះមានសិទ្ធិ និងតួនាទីក្នុងការចូលរួមតាមដានការស្ថាបនា។ ប្រសិនបើឃើញក្រុមហ៊ុនអនុវត្តការងារមិនត្រឹមត្រូវតាមកិច្ចសន្យា ឬមិនគោរពស្តង់ដារបច្ចេកទេស ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការកេងចំណេញសម្ភារៈ ដែលអាចធ្វើឲ្យផ្លូវគ្មានគុណភាព និងប៉ះពាល់ដល់ថវិការដ្ឋ។
លោកក៏បានស្នើឲ្យក្រុមហ៊ុនដែលទទួលសាងសង់ អនុវត្តការងារតាមលក្ខខណ្ឌកិច្ចសន្យា និងគោរពតាមស្តង់ដារបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានផ្លូវរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះ លោកអភិបាលស្រុក ក៏បានស្នើសុំការយោគយល់ពីប្រជាពលរដ្ឋ ក្នុងអំឡុងពេលដំណើរការជួសជុលផ្លូវ ដែលអាចបង្កការរំខាន ឬប៉ះពាល់ដល់ការធ្វើដំណើរបន្តិចបន្តួច ហើយសូមឲ្យពលរដ្ឋជួយសម្របសម្រួលដល់ក្រុមហ៊ុន ដើម្បីឲ្យការស្ថាបនាបានប្រព្រឹត្តទៅដោយរលូន និងឆាប់រួចរាល់។
ក្រៅពីនេះ លោក ថន ថាវុទ្ធា ក៏បានលើកឡើងពីបញ្ហាសន្តិសុខ ក្នុងមូលដ្ឋានត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច រួមមាន ល្បែងស៊ីសង ចោរកម្ម ក្មេងទំនើង ការជួញដូរគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៍។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមលក្ខណៈការពារសុវត្ថិភាពក្នុងរដូវវស្សា ជាពិសេសការប្រុងប្រយ័ត្នចំពោះភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងត្រៀមការងារបង្កបង្កើនផលកសិកម្មឲ្យបានទាន់ពេលវេលា៕ ដោយ៖ ប៉ៃ សុឃីម








