ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាយករដ្ឋមន្រ្តីប្រកាសឱ្យកែទម្រង់វិស័យការពារជាតិតាមរយៈ«ការបង្រួមក្បាលពង្រីកខ្លួន»

KPS99TV

សេចក្តីសង្ខេប

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ថា កំណែទម្រង់ការពារជាតិត្រូវបង្រួមរចនាសម្ព័ន្ធដឹកនាំ និងពង្រឹងកម្លាំងប្រតិបត្តិការខាងក្រោម ដោយគ្រោងបង្រួមការិយាល័យដែលមានតួនាទីដូចគ្នា និងកាត់បន្ថយកម្លាំងនៅអគ្គបញ្ជាការពីជាង ២ពាន់នាក់មកនៅជាង ៦០០នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ បានប្រកាសឱ្យកែទម្រង់វិស័យការពារជាតិតាមរយៈ «ការបង្រួមក្បាលពង្រីកខ្លួន»។ ការប្រកាសបែបនេះដោយសារតែសម្តេចធិបតីយល់ឃើញថា នាយកដ្ឋាន និងការិយាល័យមួយចំនួនមានតួនាទីជាន់គ្នា ហើយប្រភេទទ័ព និងកម្លាំងប្រយុទ្ធក៏មានមុខងារដូចគ្នាដែរ។ ដូច្នេះសម្តេចបញ្ជាក់ថា បច្ចុប្បន្ន នៅក្រសួងការពារជាតិកំពុងគ្រោងលុបចោលនាយកដ្ឋានមួយចំនួន កាត់ការិយាល័យមួយចំនួន ហើយបង្រួមការិយាល័យមួយចំនួនដែលមានតួនាទីដូចគ្នាដាក់តែមួយ ហើយប្រភេទទ័ពដែលមានមុខងារដូចគ្នាក៏ត្រូវដាក់តែមួយដែរ។ ក្នុងន័យនេះ សម្តេចធិបតី ចង់សង្កត់ធ្ងន់ថា បើមិនធ្វើដូច្នេះទេ នៅតែមានការផ្ទេរពីក្រោមឡើងទៅលើដែលនាំឱ្យស្តួចនៅខាងក្រោមហើយមកប៉ោងធំនៅខាងលើគ្មានធ្វើអ្វីទេ ពោលគឺចាំបើកតែប្រាក់ចញ្ចឹមទីបញ្ជាការ និងការិយាល័យនីមួយៗ ផ្ទុយទៅវិញ នៅពេលត្រូវការអ្នកប្រឈមមុខផ្ទាល់ និងដើរល្បាតប្រចាំថ្ងៃគឺកាន់តែខ្សត់ទៅៗ។ មិនតែប៉ុណ្ណោះ សម្តេចបញ្ជាក់បន្ថែមថា អគ្គបញ្ជាការក៏ដូចគ្នាដែរ ពោលគឺផែនការទៅថ្ងៃមុខក៏នឹងកាត់បន្ថយពីជាង ២ពាន់នាក់មកនៅត្រឹមជាង ៦០០នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ថា សម្តេចធិបតីនាយករដ្ឋមន្រ្តី បញ្ជាក់ដូច្នេះនៅក្នុងឱកាស«អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…