ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន Report News នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់ ក្រៅវេទិកា WUF13 នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ប្រទេសអាស៊ែបៃហ្សង់ និងកម្ពុជា មានទស្សនៈប្រហាក់ប្រហែលគ្នា ក្នុងការដោះស្រាយបញ្ហាកសាង និងអភិវឌ្ឍទីក្រុងឡើងវិញក្រោយជម្លោះ។
ឯកឧត្តមបញ្ជាក់ថា ការកសាងទីក្រុងឡើងវិញ គឺជាដំណើរការដ៏ស្មុគស្មាញមួយ ហើយមិនអាចទុកឱ្យទីក្រុងអភិវឌ្ឍដោយឯកឯងបាននោះទេ។ រាជរដ្ឋាភិបាលកម្ពុជា មានផែនការ និងគោលនយោបាយច្បាស់លាស់ ក្នុងការរៀបចំលំហទីក្រុងនៅទូទាំងប្រទេស។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ដីធ្លី និងលំនៅឋានជូនប្រជាពលរដ្ឋផ្លាស់ទីលំនៅក្នុងស្រុក ដែលគ្មានទីជម្រក ក្រោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានវិនិយោគលើវិស័យអប់រំ សុខាភិបាល និងការលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

