នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្នុងទិវាជាតិនៃការចងចាំ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋចងចាំទុក្ខវេទនាក្នុងរបបខ្មែរក្រហម ទប់ស្កាត់កុំឱ្យសោកនាដកម្មនេះកើតឡើងវិញ និងចូលរួមថែរក្សាសន្តិភាព។
ក្នុងសំណេរនោះ សម្ដេចតេជោបានរំលឹកពីប្រវត្តិសាស្ត្រដ៏ឃោរឃៅ និងខ្មៅងងឹតនាសម័យនោះ។
សម្ដេចបានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានយល់អំពីសោកនាដកម្មដែលប្រជាជនបានឆ្លងកាត់ រួមមានការកាប់សម្លាប់ ការជម្លៀសចេញពីទីលំនៅដោយបង្ខំ ការបង្ខំឱ្យធ្វើការ ការខ្វះថ្នាំសង្កូវ និងអាហារ។ សម្ដេចបានមានប្រសាសន៍ថា សូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានក៏ត្រូវបានដកហូតដែរ។
សម្ដេចតេជោបានមានប្រសាសន៍ថា ទិវានេះជាការរំលឹក និងឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលសម្ដេចបានលើកឡើងថាមានជាង៣លាននាក់ បានស្លាប់ក្នុងរបប ប៉ុល ពត។



ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ សម្ដេចតេជោបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពឱ្យបានគង់វង្ស។
សម្ដេចបានមានប្រសាសន៍ថា សន្តិភាពផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍសង្គម គ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
