ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលឆ្នាំ២០២៦ នឹងក្លាយជាមូលដ្ឋានសំខាន់ ក្នុងការពង្រឹងស្តង់ដារ និងបង្កើនទំនុកចិត្តពីអន្តរជាតិចំពោះក្រុមហ៊ុនអាកាសចរណ៍ ដែលចុះបញ្ជីនៅកម្ពុជា។ ច្បាប់នេះ ក៏នឹងជួយឱ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជា មានឱកាសបើកជើងហោះហើរត្រង់ទៅកាន់សហរដ្ឋអាមេរិក និងពង្រីកទីផ្សារទៅកាន់ទ្វីបអឺរ៉ុបផងដែរ។
ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ច្បាប់ថ្មីនេះ ត្រូវបានរៀបចំឡើងស្របតាមស្តង់ដារអន្តរជាតិទំនើប ដោយផ្តោតលើការផ្តល់វិញ្ញាបនបត្រអាកាសយានដ្ឋាន (Airport Certification) និងការពង្រឹងសុវត្ថិភាពក្នុងវិស័យអាកាសចរណ៍ស៊ីវិល។
លោកបានបន្ថែមថា អាកាសយានដ្ឋានលំដាប់ 4E និង 4F របស់កម្ពុជា ត្រូវបានរចនាឡើងស្របតាមស្តង់ដារអន្តរជាតិ បញ្ចូលទាំងអត្តសញ្ញាណវប្បធម៌ខ្មែរ ភាពបៃតង និងគំនិតច្នៃប្រឌិតទំនើប។ ជាក់ស្តែង អាកាសយានដ្ឋានអន្តរជាតិតេជោ និង អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ មិនត្រឹមជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវសន្តិសុខ និងសុវត្ថិភាពតាមស្តង់ដារសកលកម្រិតខ្ពស់ ដែលអាចទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ធំៗលើពិភពលោក ដូចជា Emirates និង Qatar Airways មកកាន់កម្ពុជា។
ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការពង្រឹងអំណាចរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងការចេញវិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) និងលទ្ធផលវាយតម្លៃខ្ពស់ពី អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ លើប្រសិទ្ធភាពសន្តិសុខ និងសុវត្ថិភាពអាកាសចរណ៍ បានបង្ហាញថា កម្ពុជាមានការគ្រប់គ្រងដែនអាកាស និងព្រលានយន្តហោះប្រកបដោយសុវត្ថិភាពខ្ពស់។
កត្តានេះ អាចជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗ ប្រើប្រាស់យន្តហោះខ្នាតធំ (ដូចជា Airbus A380, A330-900neo, A350-100 ឬ Boeing B-747, B777-200LR, B777X, B787-10) បើកជើងហោះហើរត្រង់មកកម្ពុជាកាន់តែច្រើន។
សូមជម្រាបថា ច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលឆ្នាំ២០២៦ មានសរុប ២៥ជំពូក និង ១០៤មាត្រា។ ច្បាប់នេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងមូលដ្ឋានគតិយុត្តសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ឱ្យស្របតាមការវិវត្តនៃវិស័យអាកាសចរណ៍ពិភពលោក និងដោះស្រាយចំណុចខ្វះខាតដែលត្រូវបានរកឃើញដោយ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ក្នុងការធ្វើសវនកម្មឆ្នាំ២០១៨ និងឆ្នាំ២០២៣៕ ដោយ៖ ប៉ៃ សុឃីម





