រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ការធ្វើទីផ្សារ និងការផ្សព្វផ្សាយ ជាតួអង្គសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ដើម្បីនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបាឋកថាស្តីពី «សក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា» ជូនឯកឧត្តម លោកជំទាវ ឧត្ដមសេនីយ៍, វរសេនីយ៍, គណៈគ្រប់គ្រង សាកលវិទ្យាល័យ លោក លោកស្រី សាស្ត្រាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងនិស្សិតជាតិ-អន្តរជាតិដែលអញ្ជើញមកពីប្រទេសចិន វៀតណាម ឡាវ និងមីយ៉ាន់ម៉ា កំពុងសិក្សានៅសាកលវិទ្យាល័យការពារជាតិ ក្នុងគោលបំណងចែករំលែកពុទ្ធិសំខាន់ៗ និងជាការរួមចំណែកក្នុងការបណ្ដុះទឹកចិត្តដល់យុវជនបន្តវេនដែលជាយុទ្ធជនយុទ្ធនារី និងសិស្សនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យការពារជាតិ ឱ្យបានយល់ច្បាស់អំពីសក្តានុពលនៃវិស័យទេសចរណ៍កម្ពុជា, ដើម្បីបំផុសទឹកចិត្តឱ្យចេះស្រឡាញ់, ចេះការពារ និងចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។

ក្នុងពិធីដ៏សំខាន់នេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវគណៈគ្រប់គ្រង សាស្ត្រាចារ្យ និងប្អូនៗនិស្សិតជាយោធាជាតិ និងអន្តរជាតិសរុបទាំងអស់ប្រមាណ ១,៥០០នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តនិស្សិតជាយោធាទាំងអស់ គិតវិជ្ជមាន និយាយវិជ្ជមាន ធ្វើសកម្មភាពវិជ្ជមាន និងផ្សព្វផ្សាយព័ត៌មានពិត និងវិជ្ជមាន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ និស្សិតជាយោធាទាំងអស់ត្រូវរក្សាសុខភាព រក្សាវិន័យឱ្យបានខ្ជាប់ខ្ជួន អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ មានសីលធម៌ និងគុណធម៌ ជាពិសេសការខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឱ្យក្លាយជាមូលធនមនុស្សដ៏រឹងមាំរបស់កម្ពុជា ដើម្បីជាសន្ទុះក្នុងការជួយផ្សព្វផ្សាយ និងចូលរួមចំណែកកាន់តែសកម្មក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។

សូមជម្រាបជូនថា ប្រធានបទនៃបាឋកថានៅថ្ងៃនេះ គឺពិតជាមានសារសំខាន់ណាស់ ជាពិសេសសម្រាប់ប្អូនៗសិស្សនិសិ្សតទាំងអស់ ដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យ ការពារ ជាតិ ក្នុងនាមជាកូនខ្មែរ ជាយុទ្ធជនខ្មែរ ត្រូវស្គាល់ពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃមរតកវប្បធម៌ សម្បត្តិធម្មជាតិ និងទឹកដីសុវណ្ណភូមិ ដែលបុព្វបុរសខ្មែរគ្រប់ជំនាន់បានបន្សល់ទុក ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយដល់សហគមន៍ជាតិ និងអន្តរជាតិ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…