ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់សោម បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅសង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នៅផ្សារកោះគ្រួស សង្កាត់បឹងតាព្រហ្ម។
ក្នុងឱកាសនោះ ឯកឧត្តម ឡៅ ទិព្វសីហា បានថ្លែងអបអរសាទរដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ និងកោតសរសើរដល់មន្ទីររៀបចំដែនដីខេត្ត ព្រមទាំងក្រុមការងារពាក់ព័ន្ធ ដែលបានខិតខំអនុវត្តការងារចុះបញ្ជីដីធ្លី ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ មានសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី។
នាឱកាសនោះឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បណ្ណកម្មសិទ្ធិដែលត្រូវចែកជូនប្រជាពលរដ្ឋលើកនេះ មានចំនួនសរុបជាង២ពាន់ បណ្ណ ដែលជាផ្នែកសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការចុះបញ្ជីដីធ្លីឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លី គឺជាគោលនយោបាយអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានលឿន បង្កើនសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងជួយលើកកម្ពស់ជីវភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ សូមរក្សាទុកឯកសារនេះឱ្យបានល្អ ព្រោះជាឯកសារគតិយុត្តដែលមានការធានា និងការពារដោយច្បាប់។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានឱ្យដឹងថា បណ្ណកម្មសិទ្ធិសរុប ២,៤៨២ បណ្ណ មានទំហំដីសរុប ២០៣,៦២ហិកតា ស្មើនឹង ២,៤៤២ គ្រួសារ។ ក្នុងនោះ បណ្ណដែលអាចចែកជូនភ្លាមមានចំនួន ២,០៨៨ បណ្ណ ខណៈ ៣៩៤ បណ្ណទៀត មិនទាន់អាចប្រគល់ជូនបាន ដោយសារត្រូវបំពេញកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាជាមុនសិន។
សម្រាប់សង្កាត់បឹងតាព្រហ្ម មានចំនួន ២,១៨៩ បណ្ណ គ្របដណ្តប់លើ៥ភូមិ រួមមាន ភូមិបឹងជុំ ភូមិភ្នំតូច ភូមិទឹកចេញ ភូមិដូនលយ និងភូមិបឹងតាព្រហ្ម។ ដោយឡែក សង្កាត់អូរជ្រៅ មានចំនួន ២៩៣ បណ្ណ ស្ថិតក្នុង៤ភូមិ គឺភូមិអូរជ្រៅ ភូមិស្រែចាមក្រោម ភូមិស្រែចាមលើ និងភូមិស្រែក្នុង៕ អត្ថបទ៖ ប៉ៃ សុឃីម / រូបភាព៖ ទាវ វិឆាត















