រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខេត្តត្បូងឃ្មុំ ៖ផលិតផលចេកអំបូងលឿងរបស់ក្រុមហ៊ុន Jia Zhi Xin បាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ប្រមាណ២០ទូកុងតឺន័រក្នុងមួយខែ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានដឹកនាំតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញទស្សនកិច្ចសិក្សាពីការវិនិយោគលើកសិដ្ឋានដាំចេកសម្រាប់នាំចេញ របស់ក្រុមហ៊ុន Jia Zhi Xin Agriculture Technology Development Co., Ltd. ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម វង សូត បានគូសបញ្ជាក់ពីគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគបរទេសលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលបានរួមចំណែកសំខាន់ក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមបានលើកឡើងថា៖ «កសិដ្ឋានដាំចេក គឺជាឆ្នាំងបាយរួមរបស់កម្មករ បុគ្គលិកបច្ចេកទេស និងនិយោជក»។
ដំណើរទស្សនកិច្ចនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត ព្រមទាំងប្រតិភូជាច្រើនរូបទៀត។
បច្ចុប្បន្ន ក្រុមហ៊ុនមានផ្ទៃដីដាំដុះចេកប្រមាណ២០០ហិកតា និងមានកម្មករ-បុគ្គលិកចំនួន៤៥០នាក់ បម្រើការងារលើផ្នែកថែទាំ និងវេចខ្ចប់ តាមបច្ចេកទេស និងស្តង់ដារអនាម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាំចេញ។ ផលិតផលចេកអំបូងលឿងរបស់ក្រុមហ៊ុន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ប្រមាណ២០ទូកុងតឺន័រក្នុងមួយខែ ស្មើនឹងជាង៤០០តោន។
ឯកឧត្តម វង សូត ក៏បានអញ្ជើញពិនិត្យដោយផ្ទាល់នូវដំណើរការប្រមូលផល និងការវេចខ្ចប់ផ្លែចេក ប្រកបដោយគុណភាពខ្ពស់ សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីលើកស្ទួយមុខមាត់វិស័យកសិកម្មកម្ពុជាលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តម និងប្រតិភូ ក៏បានសាកសួរសុខទុក្ខកម្មករ និងបុគ្គលិកបច្ចេកទេសដែលកំពុងបម្រើការងារនៅកសិដ្ឋាន ព្រមទាំងបានឧបត្ថម្ភថវិកាលើកទឹកចិត្តមួយចំនួនផងដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…