គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២៦ គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចការសាងសង់បាន ៥០,៨% ហើយ បន្ទាប់ពីបានបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ រួមជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ដែលកាលនោះជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
គម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់ទន្លេមេគង្គ ដោយផ្លូវត្រើយខាងលិចស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់ទៅមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និងផ្លូវជាតិលេខ១ ខណៈត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ តភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
គម្រោងនេះមានប្រវែងសរុប ៣,៧គីឡូម៉ែត្រ រួមមានស្ពានមេ ស្ពានអាកាស ផ្លូវតភ្ជាប់ ប្រព័ន្ធលូ និងការងារវិស្វកម្មពាក់ព័ន្ធផ្សេងៗ។ ដោយឡែក ស្ពានឆ្លងទន្លេមេគង្គមានប្រវែង ១,៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ បំពាក់ដោយគន្លងផ្លូវរថយន្ត ផ្លូវទោចក្រយានយន្ត និងផ្លូវថ្មើរជើង។
ជាមួយគ្នានេះ ស្ពានក៏មានគន្លងនាវាចរណ៍ចំនួន ៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាព ទទឹង ១១០ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ ដើម្បីធានាការធ្វើនាវាចរណ៍ឆ្លងកាត់បានដោយសុវត្ថិភាព៕
ដោយ៖ ប៉ៃ សុឃីម









