គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ និងធ្វើរដ្ឋបាលនៅទីតាំងចំនួន៤ កន្លែង ក្នុងក្រុងប៉ោយប៉ែត ដោយរកឃើញជនបរទេសសញ្ជាតិឥណ្ឌូនេស៊ីសរុប ២៧៥នាក់ ក្នុងនោះមានស្ត្រី ៤០នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត។
ក្នុងប្រតិបត្តិការនោះ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានដឹកនាំកម្លាំងចុះត្រួតពិនិត្យអគារកម្ពស់៤ជាន់ មួយកន្លែង មាន៣៦បន្ទប់ ស្ថិតក្នុងក្រុងប៉ោយប៉ែត ដោយរកឃើញជនបរទេសចំនួន១៨នាក់ មាន២សញ្ជាតិ រួមមាន ឥណ្ឌូនេស៊ី ១២នាក់ និងម៉ាឡេស៊ី ៦នាក់។ ជនបរទេសទាំងនេះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវបន្ត។
ដោយឡែក លោក លៀម សុដា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះ សហការជាមួយកម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះបង្ក្រាប១ទីតាំង និងធ្វើរដ្ឋបាល៤ទីតាំងផ្សេងទៀត។
សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងមួយស្ថិតនៅភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពុំមានជនបរទេសស្នាក់នៅឡើយ ដោយសង្ស័យថាបានរត់គេចខ្លួនមុនពេលបង្ក្រាប។ នៅទីតាំងនោះ សមត្ថកិច្ចបានរកឃើញតុ កៅអី និងទូរកុងតឺន័រចំនួន៤ ដែលសង្ស័យប្រើប្រាស់សម្រាប់បម្រើសេវាផ្លូវភេទ ហើយក្រុមការងារបានសម្រេចបិទសៀលទីតាំងនោះជាបណ្ដោះអាសន្ន។
សម្រាប់ជនបរទេសសញ្ជាតិឥណ្ឌូនេស៊ី ២៧៥នាក់ ដែលរកឃើញក្នុងការធ្វើរដ្ឋបាលនៅ៤ទីតាំង រួមមាន៖
ទីតាំងទី១៖ អគារកម្ពស់៦ជាន់ មាន៤៥បន្ទប់ រកឃើញជនជាតិឥណ្ឌូនេស៊ី ១៦៣នាក់ ស្រី១០នាក់។
ទីតាំងទី២៖ អគារកម្ពស់៧ជាន់ មាន២៦បន្ទប់ រកឃើញជនជាតិឥណ្ឌូនេស៊ី ៥៣នាក់ ស្រី១៣នាក់។
ទីតាំងទី៣៖ ផ្ទះផ្ទាល់ដី មាន២៣បន្ទប់ រកឃើញជនជាតិឥណ្ឌូនេស៊ី ២៣នាក់ ស្រី៨នាក់។
ទីតាំងទី៤៖ អគារកម្ពស់៥ជាន់ មាន១១បន្ទប់ រកឃើញជនជាតិឥណ្ឌូនេស៊ី ៣៦នាក់ ស្រី៩នាក់។
តាមសេចក្តីរាយការណ៍នៅពេលនោះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងអនុវត្តនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម









