រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាជីវកម្មរុករករ៉ែ១កន្លែងនៅរតនគិរីបង្កផលប៉ះពាល់ពលរដ្ឋ៤គ្រួសារ អាជ្ញាធរស្នើឱ្យផ្អាកសកម្មភាពសិន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ទីតាំងរុករករ៉ែ១កន្លែងនៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានធ្វើសកម្មភាពបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ៤គ្រួសារដែលមានចម្ការដំឡូងមីនៅក្បែរនោះ។ ជុំវិញករណីនេះ អាជ្ញាធរស្រុកទទួលស្គាល់ថា សកម្មភាពរុករករ៉ែរបស់ក្រុមហ៊ុន «ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា)ឯ.ក» ពិតជាបានបង្កផលប៉ះពាល់ទម្រង់ដី និងខូចខាតដល់ដើមដំឡូងមីរបស់ប្រជាពលរដ្ឋពិតមែន និងស្នើឱ្យផ្អាកសកម្មភាពសិន។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ អាជ្ញាធរស្រុកអូរយ៉ាដាវ ដឹកនាំដោយអភិបាលរងស្រុកម្នាក់ និងមានការចូលរួមពីកម្លាំងនគរបាលនិងមេឃុំប៉ាតេ បានចុះទៅពិនិត្យទីតាំងរុករករ៉ែលោហៈរបស់ក្រុមហ៊ុនខាងលើ បន្ទាប់ពីធ្វើសកម្មភាពបង្កផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ៤គ្រួសារ កាលពីថ្ងៃទី២៣ ខែឧសភា។ ជាក់ស្តែង ក្រុមការងារស្រុកបានរកឃើញនិងទទួលស្គាល់ថា សកម្មភាពរុករករ៉ែរបស់ក្រុមហ៊ុនខាងលើ ពិតជាបានធ្វើឱ្យប៉ះពាល់ទម្រង់ដី និងខូចខាតដល់ដើមដំឡូងមីរបស់ប្រជាពលរដ្ឋដែលទើបដាំរួចចំនួន៤គ្រួសារពិតមែន។

ក្រោយរកឃើញពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ លោកអភិបាលស្រុកអូរយ៉ាដាវ បានអញ្ជើញមន្ត្រីនៃមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី រួមទាំងក្រុមហ៊ុន បើកកិច្ចប្រជុំដោះស្រាយបញ្ហានេះជាបន្ទាន់នៅរសៀលថ្ងៃដដែល។ ក្នុងនោះ អាជ្ញាធរស្រុក ស្នើឱ្យក្រុមហ៊ុនមុនចុះធ្វើសកម្មភាពត្រូវទំនាក់ទំនងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជូនដំណឹងដល់អ្នកភូមិដែលពាក់ព័ន្ធឱ្យបានទូលំទូលាយ និងឱ្យក្រុមហ៊ុនផ្អាកសកម្មភាពនៅទីតាំងដែលប៉ះពាល់ទាំង៤គ្រួសារនេះសិន។ ដោយឡែក ករណីប៉ះចំដីចម្ការប្រជាពលរដ្ឋ ក្រុមហ៊ុនត្រូវជជែកគ្នាជាមួយម្ចាស់ចម្ការឱ្យបានច្បាស់លាស់ និងត្រូវមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងក្រុមហ៊ុន និងម្ចាស់ចម្ការជាមុនសិន មុននឹងក្រុមហ៊ុនចូលធ្វើសកម្មភាព៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…