លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលអគារសិក្សាចំនួន២ខ្នង ដែលត្រូវបានជួសជុល និងលាបថ្នាំកែលម្អដោយធនាគារ ABA នៅអនុវិទ្យាល័យសម្តេចឪ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកបានថ្លែងកោតសរសើរចំពោះធនាគារ ABA ដែលបានចូលរួមគាំទ្រវិស័យអប់រំ និងរួមចំណែកកែលម្អបរិយាកាសសិក្សា ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សីលធម៌ និងសមត្ថភាព សម្រាប់អភិវឌ្ឍសង្គមជាតិ។
លោកអភិបាលរងខេត្តក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ កំពុងបន្តយកចិត្តទុកដាក់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន បណ្ណាល័យ ទីលានកីឡា និងបរិស្ថានសិក្សា ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរ។
ជាមួយគ្នានេះ អាជ្ញាធរបានផ្តាំផ្ញើដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ឱ្យបន្តពង្រឹងវិន័យ ថែរក្សាបរិស្ថានសាលារៀន ខិតខំរៀនសូត្រ ចៀសឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ ដើម្បីក្លាយជាយុវជនល្អសម្រាប់សង្គមនាពេលអនាគត។
ដោយឡែកលោក ព្រាប សុភាព នាយកគ្រប់គ្រងតំបន់ភាគខាងលិចរបស់ធនាគារ ABA បានមានប្រសាសន៍ថា សកម្មភាពនាថ្ងៃនេះ គឺជាការចូលរួមចំណែកជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ចំណេះដឹង និងចំណេះធ្វើ ព្រមទាំងមានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏ល្អ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិលើគ្រប់វិស័យ។
លោកបានបញ្ជាក់ថា សម្រាប់ពិធីប្រគល់-ទទួលអគារសិក្សាដែលបានកែលម្អចំនួនពីរខ្នងនាពេលនេះ ធនាគារ ABA បានចំណាយថវិកា ១ម៉ឺន៥ពាន់ដុល្លារអាម៉េរិក(១៥០០០$) សកម្មភាពនេះ ក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់សោភ័ណភាពបរិស្ថាននៅតាមគ្រឹះស្ថានអប់រំ ឲ្យមានភាពស្អាត អនាម័យ និងខ្យល់អាកាសបរិសុទ្ធ ដែលជាចំណុចសំខាន់សម្រាប់សាលាអនុវិទ្យាល័យសម្ដេចឪផងដែរ។
ក្នុងនាមជានាយកគ្រប់គ្រងតំបន់របស់ធនាគារ ABA លោកក៏បានអះអាងថា ធនាគារនឹងបន្តជួយគាំទ្រដល់សាលារៀនផ្សេងៗទៀត ទៅតាមលទ្ធភាពជាក់ស្តែង ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ ឲ្យកាន់តែមានការរីកចម្រើននៅក្នុងខេត្តព្រះសីហនុ៕
អត្ថបទ ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា




















