រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជារងឥទ្ធិពលខ្យល់មូសុង និងចំហាយព្យុះទី៦ ធ្វើឱ្យមានភ្លៀងធ្លាក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ ពីថ្ងៃទី២៩-៣១ ខែឧសភា

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅក្នុងប្រទេសកម្ពុជា សម្រាប់ថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ដោយបញ្ជាក់ថា តំបន់ជាច្រើននឹងមានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។
យោងតាមការសង្កេតសម្ពាធទាបនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវឌ្ឍទៅជាព្យុះទី៦ ឈ្មោះ ចាងមី (Jangmi) T2606។ ព្យុះនេះមានឥទ្ធិពលលើប្រព័ន្ធខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអង់ដាម៉ង់ ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូង និងប្រទេសកម្ពុជា។
ទោះជាយ៉ាងបញ្ជាក់ថា គន្លងផ្លូវនៃព្យុះទី៦នេះ ពុំមានឥទ្ធិពលផ្ទាល់មកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅតាមតំបន់នីមួយៗក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ មានស្ថានភាពដូចខាងក្រោម៖

១. តំបន់វាលទំនាប
• សីតុណ្ហភាព៖ អប្បបរមាជាមធ្យម ២៤°C និងអតិបរមាជាមធ្យម ៣៥°C។
• ខ្យល់៖ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។
• ស្ថានភាពអាកាសធាតុ៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣៥%។
២. តំបន់ខ្ពង់រាប
• សីតុណ្ហភាព៖ អប្បបរមាជាមធ្យម ២៤°C និងអតិបរមាជាមធ្យម ៣៦°C។
• ខ្យល់៖ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម ៣ ម៉ែត្រ/វិនាទី។
• ស្ថានភាពអាកាសធាតុ៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំក្រវាញ និងតំបន់ជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤៥%។
៣. តំបន់មាត់សមុទ្រ
• សីតុណ្ហភាព៖ អប្បបរមាជាមធ្យម ២៥°C និងអតិបរមាជាមធ្យម ៣៥°C។
• ខ្យល់៖ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម ២ ម៉ែត្រ/វិនាទី។
• ស្ថានភាពអាកាសធាតុ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៤០%។
• ស្ថានភាពសមុទ្រ៖ រលកសមុទ្រអាចមានកម្ពស់មធ្យមពី ០,៥០ ម៉ែត្រ ដល់ ១,៥០ ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕ ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…