ខេត្តកំពត៖ អាជ្ញាធរខេត្តកំពតបានចេញមុខបដិសេធ និងច្រានចោល ចំពោះព័ត៌មានដែលកំពុងត្រូវបានចែកចាយនៅលើបណ្ដាញសង្គម ដោយអះអាងថា មានករណីចាប់ក្មេងកើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពត។
យោងតាមការបញ្ជាក់របស់លោក ម៉ៅ ច័ន្ទមធុរិទ្ឋិ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មិនមានករណីចាប់កុមារ ឬសកម្មភាពសង្ស័យពាក់ព័ន្ធនឹងការចាប់ក្មេងណាមួយ កើតឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពតនោះទេ។
ស្នងការខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងកុំជឿលើព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ខណៈព័ត៌មានមិនពិតមួយដែលមានខ្លឹមសារថា «ករណីចាប់ក្មេងមកដល់ខេត្តកំពតហើយ» កំពុងត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គម បង្កឱ្យមានការភ័យខ្លាច និងច្របូកច្របល់ក្នុងសហគមន៍។
លើសពីនេះសមត្ថកិច្ចក៏បានបញ្ជាក់ថា កំពុងបើកការស្រាវជ្រាវស្វែងរកម្ចាស់គណនី ឬបុគ្គលដែលបានបង្កើត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់។
អាជ្ញាធរបានអំពាវនាវដល់សាធារណជនឱ្យពិនិត្យប្រភពព័ត៌មានឱ្យបានត្រឹមត្រូវ មុននឹងធ្វើការចែករំលែកបន្ត ដើម្បីជៀសវាងការរួមចំណែកផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបង្កការភ័យខ្លាចចំពោះប្រជាពលរដ្ឋទូទៅ៕ ដោយ៖ ឡាយ កុល




