ខេត្តព្រះសីហនុ៖ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់ជីវភាពរស់នៅក្នុងមូលដ្ឋាន កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២៦ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យ និងបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេថ្មី ១ខ្សែ ស្ថិតនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ផ្លូវបេតុងអាមេថ្មីនេះមានប្រវែង ៥៩៦ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ។ ការសាងសង់ផ្លូវនេះគឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ ឱ្យកាន់តែមានភាពរីកចម្រើន និងរួមចំណែកលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ លោក អ៊ី ធារិន បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ ឱ្យអនុវត្តការងារតាមស្តង់ដាបច្ចេកទេស ដោយធានាគុណភាព ភាពរឹងមាំ តម្លាភាព និងប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាបរិស្ថាន និងអនាម័យជុំវិញលំនៅឋាន ដោយមិនបោះសំរាមពាសវាលពាសកាល ព្រមទាំងរួមគ្នាថែរក្សាផ្លូវសាធារណៈឱ្យមានសោភ័ណភាព ស្អាត និងមានសណ្តាប់ធ្នាប់។ លោកក៏បានលើកទឹកចិត្តឱ្យមានការដាំដើមឈើបៃតងបន្ថែម ដើម្បីរួមចំណែកកសាងសហគមន៍ស្អាត បរិស្ថានល្អ និងការរស់នៅប្រកបដោយផាសុកភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕ ដោយ៖ ប៉ៃ សុឃីម








