(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយលោកឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M. GALIDO) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ដែលកំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការលើកទី២ ដើម្បីចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ឆ្នាំ២០២៥ នៅកម្ពុជា។ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
ក្នុងជំនួបនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាង ប្រទេស ប្រជាជន និងកងទ័ពជើងគោកទាំងពីរ កម្ពុជា-ហ្វីលីពីន ដែលតែងតែបានគាំទ្រគ្នា និងបំពេញ ឲ្យគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបនឹងរាល់បញ្ហាប្រឈមនៅក្នុងតំបន់។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទង នៅគ្រប់ជាន់ថ្នាក់ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នាទៅវិញទៅមក ហើយការអនុវត្តដោយជោគជ័យ នៃកម្មវិធីហ្វឹកហ្វឺនរួមគ្នាកងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន ក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥ ពិតជាបានរួមចំណែកលើកកម្ពស់ សមត្ថភាពប្រតិបត្តិការ ដែលនេះជាឧទាហរណ៍ជាក់ស្ដែងនៃភាពជាដៃគូយុទ្ធសាស្ត្រ និងយូរអង្វែង។
នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់កងទ័ពជើងគោកហ្វីលីពីន ចំពោះការគាំទ្ររបស់កងទ័ពហ្វីលីពីន តាមរយៈការទទួលយោធិនកម្ពុជាទៅហ្វឹកហ្វឺននៅហ្វីលីពីន និងការបញ្ចូនគ្រូមកហ្វឹកហ្វឺននៅប្រទេសកម្ពុជា។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ឯក វ៉យ ហ្គាលីដូ (ROY M. GALIDO) បានសម្តែងនូវសេចក្ដីសោមនស្សរីករាយ ដែលបានមកប្រទេសកម្ពុជា លើកទី២ និងសូមថ្លែងអំណរគុណចំពោះការរៀបចំ ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេស ជាមួយសម្តេចតេជោ ប្រធានព្រឹទ្ធសភា ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប នៅក្នុងតំបន់អាស៊ាន។
លោកបានបន្ថែមថា កងទ័ពជើងគោកទាំងពីរ កំពុងទទួលបានផលពីលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន ដែលត្រូវបានចុះហត្ថលេខាដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អតីតមេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ រ៉ូមីអូ បានឺរ ជូនៀ (ROMEÒ SBRAWNER JR)។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងលោកឧត្តមសេនីយ៍ឯក រ៉យ ហ្កាលីដូ (ROY M. GALIDO) បានឯកភាពទិសដៅសកម្មភាពកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រមួយចំនួន ដែលបានផ្ដោត ទៅលើការងារបណ្ដុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការហ្វឹកហ្វឺនរួមគ្ន និងការរៀបចំសមយុទ្ធទ្វេភាគីទាំងក្នុងកម្រិតយុទ្ធវិធី និងយុទ្ធនាការ៕
ដោយ៖ ចិន្តា ទីទិ









