ខេត្តកំពង់ធំ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូចុះពិនិត្យ និងវាយតម្លៃទីតាំងជាក់ស្តែងមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដើម្បីសិក្សាពីលទ្ធភាពរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រការតភ្ជាប់ទីផ្សារក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាព។
ដំណើរបេសកកម្មនាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ មានការចូលរួមអមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ព្រមទាំង ឯកឧត្តម ងួន រាសី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ និងមន្ត្រីមូលដ្ឋានពាក់ព័ន្ធ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រីបានចុះពិនិត្យដោយផ្ទាល់នូវទីតាំងដែលមានសក្តានុពល សំដៅស្វែងយល់ពីស្ថានភាពជាក់ស្តែង និងវាយតម្លៃលទ្ធភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដែលអាចជួយសម្រួលដល់ការប្រមូលផ្តុំ ការចែកចាយ និងការធ្វើចរាចរទំនិញនៅក្នុងទីផ្សារក្នុងស្រុក។
ការសិក្សានេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតយន្តការតភ្ជាប់ទីផ្សារឱ្យកាន់តែរឹងមាំ ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម ផលិតកម្ម និងការចែកចាយផលិតផលក្នុងស្រុកឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រទីផ្សារ មិនត្រឹមតែជួយពង្រីកឱកាសទីផ្សារសម្រាប់កសិករ និងអ្នកផលិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក លើកកម្ពស់ភាពប្រកួតប្រជែង និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ ដោយ៖ សុខ ស៊ីណាន




