សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី០៨ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៧មិថុនានេះ បានបញ្ជាក់ថា គម្រោងបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ឡេ មិញហ៊ីង នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម។
ក្នុងដំណើរអមសម្តេចធិបតីនាយករដ្ឋមន្រ្តីនាឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម រួមមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្រ្តី មន្រ្តីរាជរដ្ឋាភិបាលសំខាន់ៗ និងតំណាងធុរកិច្ចពីសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម ឡេ មិញហ៊ីង នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏គ្រោងនឹងលើកយកមកពិភាក្សាផងដែរនូវបញ្ហាតំបន់ និអន្តរជាតិ ដែលជាផលប្រយោជន៍ និងជាក្តីបារម្ភរួម។
ក្នុងឱកាសទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសម្តែងការគួរសមដាច់ដោយឡែកចំពោះឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម និងជួបពិភាក្សាជាមួយឯកឧត្តម ជិន កឹមទូ សមាជិកការិយាល័យនយោបាយ និងជាសមាជិកអចិន្រ្តៃយ៍នៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម។
សម្តេចធិបតី នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ «រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភព វិបុលភាព និងប្រជាជនជាស្នូល» ដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្ម ការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕
ដោយ៖ ង៉ែត ពិសាន្ត


