ខេត្តព្រះសីហនុ៖ ក្រសួងធម្មការ និងសាសនា បានរៀបចំការប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ ត្រី ទោ និងឯក សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវត្តអូរត្រេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
លោក កង ឌីណាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះសីហនុ បានឱ្យដឹងថា ពិធីបើកការប្រឡងនេះ មានការនិមន្ត និងអញ្ជើញចូលរួមពី ព្រះវិមលសាគរ គង់ ប្រុស ព្រះរាជាគណៈកិត្តិយស និងជាមេគណខេត្តព្រះសីហនុ, ព្រះញាណវិជ្ជា ឡាច ថាន់ភិរម្យ ប្រធានគណៈប្រតិភូក្រសួងធម្មការ និងសាសនា ព្រមទាំងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ រួមជាមួយមន្ត្រីសង្ឃ ថ្នាក់ដឹកនាំក្រុង-ស្រុក ព្រះចៅអធិការ និងសមណសិស្សជាច្រើនអង្គ/នាក់។
សម្រាប់ការប្រឡងឆ្នាំនេះ មានសមណសិស្ស និងបេក្ខជនដាក់ពាក្យប្រឡងសរុបចំនួន ២១៣ អង្គ/នាក់ ក្នុងនោះ ថ្នាក់ត្រីមាន ១២៤ អង្គ/នាក់, ថ្នាក់ទោមាន ៦០ អង្គ/នាក់ និងថ្នាក់ឯកមាន ២៩ អង្គ/នាក់។ បេក្ខសមណៈ និងបេក្ខជនទាំងអស់ ត្រូវបានបែងចែកជា ៩ បន្ទប់ប្រឡង។ វិញ្ញាសាប្រឡងមានចំនួន ៤ មុខវិជ្ជា រួមមាន៖ ប្រជុំកងធម៌, ពុទ្ធប្បវត្តិ, ព្រះវិន័យ និងសាសនសុភាសិត។
ក្នុងឱកាសនោះ លោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយគុណភាព សុក្រឹតភាព និងតម្លាភាព គណៈកម្មការគ្រប់លំដាប់ថ្នាក់ អគ្គានុរក្ស អនុរក្ស និងបេក្ខសមណៈ បេក្ខជនទាំងអស់ ត្រូវយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជាផ្ទៃក្នុង និងគោលការណ៍ប្រឡងដែលក្រសួងធម្មការ និងសាសនាបានកំណត់ ដើម្បីធានាបាននូវលទ្ធផលប្រឡងប្រកបដោយយុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់៕ ដោយ៖ ប៉ៃ សុឃីម







