ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅហ្វីលីពីន បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសហ្វីលីពីនឱ្យប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការព្រមានពីអាជ្ញាធរហ្វីលីពីនថា មានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧,៨រ៉ិកទ័រ នៅឆ្នេរសមុទ្រ Sarangani ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន និងអាចកើតមានរលកយក្សស៊ូណាមិនៅខេត្តមួយចំនួនទៀតផង។
អាជ្ញាធរហ្វីលីពីន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ មានគ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,៨ រ៉ិកទ័រ នៅឆ្នេរសមុទ្រ Sarangani ស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន និងការកើតមានរលកយក្សស៊ូណាមិផងដែរនៅខេត្ត Sarangani, Davao Occidental, Tawi-Tawi, Sulu, Basilan, Zamboanga Del Sur, Zamboanga Sibugay, Sultan Kudarat និង South Cotabato។
ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជា បានណែនាំឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់នៅប្រទេសហ្វីលីពីនមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងយកចិត្តទុកដាក់ខ្ពស់តាមដានព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗជាប្រចាំ។ ក្នុងករណី ប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីពលរដ្ឋខ្មែរដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia to the Republic of the Philippines ឬ ទំនាក់ទំនងមក លោកស្រី ហេង ពិសី លេខាធិការទី២ នៃស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន តាមទូរស័ព្ទលេខ +63 956 914 8190។
សម្រាប់ការជម្លៀស និងការសង្គ្រោះបន្ទាន់ភ្លាមៗ ស្ថានទូតកម្ពុជា បានប្រាប់ឱ្យទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ឬ NDRRMC តាមរយៈលេខទំនាកទំនង +632 8911 5061 ដល់ 65 និងសូមបន្តតាមដានព័ត៌មានបន្ថែមតាមបណ្ដាញសង្គម https://www.facebook.com/NDRRMC https://web.facebook.com/pso.gensanlgu (Public Safety Office - General Santos City) និង https://www.facebook.com/PHIVOLCS ៕
ដោយ៖ ង៉ែត ពិសាន្ត

