កក្រើកតំបន់មជ្ឈិមបូព៌ាឡើងវិញហើយ បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកការវាយប្រហាទ្រង់ទ្រាយធំជាថ្មីទៀតលើប្រទេសអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ពេលនេះកំពុងសងសឹកវិញតាមរយៈការបាញ់លើកប៉ាល់ក្នុងច្រកសមុទ្រ Hormuz និងបិទច្រកនេះលែងមានការធ្វើចរាចរណ៍។
បើតាមទីភ្នាក់ងារសារព័ត៌មាន AFP ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា យោធាអាមេរិកបានបើកការវាយប្រហារស្វ័យការពារខ្លួនបន្ថែមទៀត នៅម៉ោង ៥៖១៥នាទីរសៀល (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវនឹងព្រឹកថ្ងៃព្រហស្បតិ៍នេះនៅអ៊ីរ៉ង់ ប្រឆាំងនឹងគោលដៅជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនហៅថាជាទង្វើផ្គើនគ្មានហេតុផល និងគឃ្លើនរបស់អ៉ីរ៉ង់។
ចំណែកប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះជាច្រើននៅតំបន់ភាគខាងត្បូងប្រទេស ក្បែរច្រកសមុទ្រ Hormuz បន្ទាប់ពីយោធាអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាសលើប្រព័ន្ធការពារដែនអាកាស រ៉ាដា និងគោលដៅយោធាផ្សេងៗរបស់អ៊ីរ៉ង់។ ទន្ទឹមគ្នានេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានវាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាមេរិកនៅកូវ៉ែត និងបារ៉ែន ព្រមទាំងព្រមានកំណត់គោលដៅលើនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz។
ប៉ុន្តែយ៉ាងណា ទីបញ្ជាការកណ្ដាលអាមេរិក បានច្រានចោលការអះអាងរបស់អ៊ីរ៉ង់ពីការបិទច្រកសមុទ្រ Hormuz ទាំងស្រុង ដោយនិយាយថា កប៉ាល់ពាណិជ្ជកម្មកំពុងបន្តធ្វើដំណើរឆ្លងកាត់ចេញនិងចូលច្រកសមុទ្រដ៏សំខាន់មួយនេះ។ គួរឱ្យកត់សម្គាល់ថា ការវាយប្រហារថ្មីនេះ កើតមានឡើងក្រោយប្រធានាធិបតីអាមេរិក Donald Trump បានព្រមានថា នឹងបន្តដាក់សម្ពាធយោធាលើអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់មិនព្រមទទួលយកកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ។
ដោយ៖ ង៉ែត ពិសាន្ត



