ភ្នំពេញ៖ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋតួកគីយ៉េ ត្រូវបានបន្តពង្រឹងបន្ថែមទៀត ខណៈភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តរួមក្នុងការពង្រីកភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗឱ្យកាន់តែមានប្រសិទ្ធភាព។
នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម Mesut Özcan ក្នុងឱកាសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះសន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលកំពុងរីកចម្រើនជាបន្តបន្ទាប់ និងផ្តល់លទ្ធផលជាក់ស្តែងលើវិស័យជាច្រើន រួមទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ជាការឆ្លើយតប ឯកឧត្តម Mesut Özcan បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅក្នុងអំឡុងពេលបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា។
ភាគីទាំងពីរក៏បានសម្តែងការពេញចិត្តចំពោះលទ្ធផលដ៏ផ្លែផ្កានៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៤ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅកាលពីខែមីនា ឆ្នាំ២០២៦ និងបានចាត់ទុកថា ជាមូលដ្ឋានដ៏សំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយបានបញ្ជាក់ពីគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាតាមរយៈយន្តការសន្តិវិធី កិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។ ដោយ៖ សុខ ស៊ីណាន







