ខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បានដាក់ពង្រាយសំណង់ជម្រកត្រីសិប្បនិម្មិតចំនួន ៥០ប្រអប់ នៅក្នុងដែនសហគមន៍នេសាទឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ដើម្បីរួមចំណែកស្ដារប្រព័ន្ធអេកូឡូស៊ីជលផល និងបង្កើនជម្រកសម្រាប់មច្ឆាជាតិ និងសត្វសមុទ្រផ្សេងៗ។
លោក អ៊ិន ណែត មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ថា សកម្មភាពនេះអនុវត្តក្រោមគម្រោងគ្រប់គ្រងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ក្នុងគោលបំណងស្ដារធនធានជលផល កែលម្អប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់និរន្តរភាពនៃធនធានសមុទ្រ។
លោកបន្តថា ជម្រកត្រីសិប្បនិម្មិតមានតួនាទីសំខាន់ជាកន្លែងលាក់ខ្លួន បន្តពូជ និងការពារសុវត្ថិភាពសម្រាប់មច្ឆាជាតិ ព្រមទាំងជួយបង្កើនជីវចម្រុះក្នុងបាតសមុទ្រ។ លើសពីនេះ វាក៏រួមចំណែកក្នុងការចម្រោះគុណភាពទឹក និងបង្កើតប្រភពចំណីអាហារសម្រាប់សត្វសមុទ្រផងដែរ។
បើតាមមន្ត្រីជំនាញឲ្យដឹងថា នៅក្នុងត្រីមាសទី១ នៃការអនុវត្តគម្រោង SCMF ក្រុមការងារបានដាក់ពង្រាយជម្រកត្រីសិប្បនិម្មិតចំនួន ២០ប្រអប់ ស្មើនឹង ៤០០ដុំរួចមកហើយ។ ដោយឡែក ក្នុងដំណាក់កាលទី២នេះ គម្រោងបានបន្ថែមការដាក់ពង្រាយចំនួន ៥០ប្រអប់ ស្មើនឹង ១,០០០ដុំបន្ថែមទៀត។
លោក អ៊ិន ណែត បានបញ្ជាក់ថា តំបន់សហគមន៍នេសាទជ្រោយស្វាយ ជាតំបន់សម្បូរទៅដោយជីវចម្រុះសមុទ្រ និងព្រៃកោងកាង ដែលជាជម្រករបស់គ្រែងឈាម គ្រំ មឹក បង្គា ក្តាម និងកូនត្រីជាច្រើនប្រភេទ។ ជាក់ស្ដែង សត្វសមុទ្រជាច្រើនបានមករស់នៅ និងតោងជុំវិញសំណង់សិប្បនិម្មិតទាំងនេះ ដែលបង្ហាញពីប្រសិទ្ធភាពរបស់គម្រោងក្នុងការបង្កើតជម្រកធម្មជាតិ និងស្ដារធនធានជលផលឱ្យកាន់តែសម្បូរបែបឡើងវិញ៕ ដោយ៖ ប៉ៃ សុឃីម





