រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្ក្រាបបទល្មើសព្រៃឈើ២ករណី!!សមត្ថកិច្ចខេត្តសៀមរាបដកហូតឈើនិងគោយន្តកន្ត្រៃ៥គ្រឿង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

បទល្មើសព្រៃឈើច២ករណីផ្សេងគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបង្ក្រាបនិងដកហូតឈើអាររួមទាំងគោយន្តកន្ត្រៃសរុប៥គ្រឿងយកមករក្សាទុក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ នេះបើតាមការឱ្យដឹងពីមន្ត្រីរដ្ឋបាលព្រៃឈើខេត្តសៀមរាប។

ក្នុងនោះករណីទី១ កើតឡើងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយលើ បានឃាត់គោយន្តកន្ត្រៃ១គ្រឿងដែលដឹកជញ្ជូនផល និងអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅចំណុចភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតគោយន្តកន្ត្រៃ ១គ្រឿង និងឈើអារប្រភេទលេខ១ (ស្រឡៅ)ចំនួន ១,០២៥ម៉ែត្រគូប។ វត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ដើម្បីចាត់ការបន្តតាមច្បាប់។

ករណីទី២ ធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកវ៉ារិន បានឃាត់គោយន្តកន្ត្រៃចំនួន ៤គ្រឿង ដែលដឹកជញ្ជូនផល និងអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត នៅចំណុចភូមិកព្ចាន់រុន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប។ សមត្ថកិច្ចបានដកហូតគោយន្តកន្ត្រៃ ៤គ្រឿង និងឈើអារប្រភេទលេខ៣ (ចំបក់) សរុបចំនួន ៤,១០៥ម៉ែត្រគូប។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រែណូយ ស្ថិតក្នុងភូមិស្រែពោធិ៍ ឃុំស្រែណូយ ស្រុកវ៉ារិន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…