ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សភាពាណិជ្ជកម្មអូសាកា ប្តេជ្ញាផ្សព្វផ្សាយសក្តានុពលកម្ពុជាទៅកាន់ក្រុមហ៊ុនសមាជិកជាង៣០,០០០ ដើម្បីពង្រីកវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-ជប៉ុន

KPS99TV

សេចក្តីសង្ខេប

លោកស្រី Kyoko Hirose អនុប្រធាន OCCI បានបង្ហាញឆន្ទៈផ្សព្វផ្សាយឱកាសវិនិយោគនិងធុរកិច្ចកម្ពុជា ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល នៅជប៉ុន។ ឯកឧត្តមបានអញ្ជើញសហគ្រាសធុនតូចនិងមធ្យមក្នុងបណ្តាញសមាជិកជាង៣០,០០០ក្រុមហ៊ុន ឱ្យសិក្សាការវិនិយោគនៅកម្ពុជា។

ជប៉ុន៖ សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកា (OCCI) បានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា ដោយលោកស្រី Kyoko Hirose អនុប្រធាន OCCI បានបង្ហាញឆន្ទៈក្នុងការបន្តដើរតួនាទីជាស្ពានតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្សព្វផ្សាយ និងបញ្ជ្រាបព័ត៌មានអំពីសក្តានុពលវិនិយោគ និងឱកាសធុរកិច្ចនៅកម្ពុជា ទៅកាន់បណ្តាញសមាជិករបស់ខ្លួន សំដៅទាក់ទាញលំហូរទុនវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅប្រទេសជប៉ុន។ ក្នុងឱកាសនោះ លោកស្រី Kyoko Hirose បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងសក្តានុពលដ៏ទូលំទូលាយដែលកំពុងទាក់ទាញការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា រួមមានស្ថិរភាពនយោបាយ សេដ្ឋកិច្ចរឹងមាំ កម្លាំងពលកម្មវ័យក្មេង និងក្របខណ្ឌលើកទឹកចិត្តវិនិយោគដ៏ទាក់ទាញ។ ឯកឧត្តមក៏បានអញ្ជើញក្រុមហ៊ុនធុនតូច និងមធ្យម (SMEs) ដែលជាសមាជិករបស់ OCCI ជាង ៣០,០០០ក្រុមហ៊ុន ឱ្យសិក្សាឱកាសវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យឧស្សាហកម្មកែច្នៃកម្រិតខ្ពស់ ឧស្សាហកម្មធុនធ្ងន់ គ្រឿងបង្គុំអេឡិចត្រូនិក និងបច្ចេកវិទ្យាបៃតង។ ជំនួបនេះត្រូវបានចាត់ទុកថា ជាជំហានសំខាន់មួយក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងជប៉ុន និងបើកទ្វារឱកាសសេដ្ឋកិច្ចថ្មីៗសម្រាប់ប្រទេសទាំងពីរ។ ដោយ៖ សុខ ស៊ីណាន

មតិយោបល់

កំពុងផ្ទុកមតិយោបល់…