រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គ.ជ.ប ចាប់ផ្ដើមពិនិត្យ និងចុះឈ្មោះបោះឆ្នោតថ្មីពីថ្ងៃទី៧ តុលា ដល់ ៣០ វិច្ឆិកា ២០២៦ខាងមុខ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមឃុំ-សង្កាត់ទូទាំងប្រទេស។
គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ប៉ុន្តែមិនទាន់បានចុះឈ្មោះពីមុន ក៏ដូចជាយុវជនដែលនឹងគ្រប់អាយុបោះឆ្នោតនៅឆ្នាំ២០២៧ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ដែលខ្លួនកំពុងរស់នៅឱ្យបានគ្រប់គ្នា។
ការចុះឈ្មោះ និងកែតម្រូវទិន្នន័យនេះ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលមានអាយុ ១៨ឆ្នាំឡើងទៅ គិតត្រឹមថ្ងៃបោះឆ្នោត (កើតមុន ឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) អ្នកដែលបានផ្លាស់ប្តូរលំនៅឋានទៅឃុំ-សង្កាត់ថ្មី អ្នកដែលចង់កែតម្រូវព័ត៌មានជីវប្រវត្តិ និងអ្នកដែលបានចុះឈ្មោះបោះឆ្នោតតាំងពីឆ្នាំ២០១៦ ឬឆ្នាំ២០១៧ ប៉ុន្តែមិនទាន់បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ)។
ប្រជាពលរដ្ឋអាចទៅចុះឈ្មោះ កែតម្រូវព័ត៌មាន ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជាមួយក្រុមការងារចុះឈ្មោះបោះឆ្នោត នៅសាលាឃុំ-សង្កាត់ ឬទីតាំងដែលបានកំណត់ក្នុងភូមិមួយចំនួន តាមកាលបរិច្ឆេទខាងលើ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ នៅឃុំ-សង្កាត់ទាំង ១,៦៥២ ទូទាំងប្រទេស។
ដោយឡែក ចំនួនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗ នឹងមានពី ៥រូប ៧រូប ៩រូប ឬ ១១រូប អាស្រ័យលើស្ថានភាពភូមិសាស្ត្រ និងប្រជាសាស្ត្រជាក់ស្តែង។ សរុបសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេសសម្រាប់អាណត្តិទី៦ មានចំនួន ១១,៦២២រូប ដូចអាណត្តិទី៥ដែរ៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…