លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ថា បច្ចុប្បន្នកម្ពុជា មានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣៨ កន្លែង កំពុងផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិយ៉ាងសកម្ម។ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ សហគមន៍ទាំងនេះបានទាក់ទាញភ្ញៀវទេសចរជាតិចំនួន ៣៤២,០២៥នាក់ និងភ្ញៀវអន្តរជាតិ ៦,០៦៥នាក់។
ការលក់សំបុត្រចូលទស្សនាបានផ្តល់ចំណូលផ្ទាល់ជាង ៣០ម៉ឺនដុល្លារ ដោយមិនទាន់រាប់បញ្ចូលចំណូលពីសេវាកម្មផ្សេងៗដូចជា អាហារ ការដឹកជញ្ជូន មគ្គុទេសក៍ និងកន្លែងស្នាក់នៅ។ វិស័យនេះក៏បានបង្កើតការងារផ្ទាល់ប្រមាណ ៤,៤០០កន្លែងផងដែរ។
រហូតមកដល់ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានគាំទ្រ និងសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩៤សហគមន៍ ដែលមានសមាជិកសរុបជាង ៧៣,០០០គ្រួសារ ចូលរួមគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិលើផ្ទៃដីជាង ៣៣ម៉ឺនហិកតា។
ក្នុងចំណោមនោះ មានសហគមន៍ចំនួន ៥៣ កំពុងអភិវឌ្ឍសេវាកម្មទេសចរណ៍ធម្មជាតិ ដោយផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់គ្រួសារជាង ២២,០០០គ្រួសារ នៅក្នុងភូមិចំនួន ១០៨ ឃុំ ៥៤ ស្រុក ៣២ នៃខេត្តចំនួន ១៤។
ក្រសួងបរិស្ថាន ក៏បានសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍នៅតាមសហគមន៍ រួមមានចំណតយានយន្ត បន្ទប់ទឹក ទឹកស្អាត ផ្លូវដើរក្នុងព្រៃ កន្លែងបោះតង់ ផ្ទះស្នាក់ និងសកម្មភាពវប្បធម៌សហគមន៍ ព្រមទាំងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ច មគ្គុទេសក៍ និងការគ្រប់គ្រងបរិស្ថាន។
ក្រសួងបរិស្ថានបន្តលើកទឹកចិត្តការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងអភិវឌ្ឍគោលដៅទេសចរណ៍បៃតង ដើម្បីបង្កើនជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន៕ ដោយ៖ ប៉ៃ សុឃីម









