សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ថា ការបង្កើតថ្នាក់បណ្ដុះបណ្ដាលចល័ត គឺជាការនាំយកការអប់រំជំនាញទៅដល់មូលដ្ឋាន ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងយុវជនទទួលបានការបណ្ដុះបណ្ដាលដោយមិនជួបឧបសគ្គផ្នែកភូមិសាស្ត្រ ឬការធ្វើដំណើរ។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ឱ្យដំណើរការជាផ្លូវការថ្នាក់បណ្ដុះបណ្ដាលចល័តតាមរថយន្ត ដែលអាចចុះទៅបង្រៀនជំនាញដោយផ្ទាល់នៅតាមភូមិ វត្ត ឬសាលាឃុំ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្នមានរថយន្តចល័តចំនួន ៨ គ្រឿង ដែលបំពាក់សម្ភារៈសម្រាប់បណ្ដុះបណ្ដាលជំនាញផ្សេងៗ រួមមាន ការថែទាំបរិក្ខាត្រជាក់ ការដំឡើងបណ្ដាញអគ្គិសនី ការដំឡើងបំពង់ទឹក ការថែទាំ និងជួសជុលរថយន្ត ការជួសជុលម៉ាស៊ីនត្រជាក់ ធុរកិច្ចភេសជ្ជៈ ការឆុងកាហ្វេ និងសាឡន។
ក្រោយការអនុវត្តសាកល្បង ក្រសួងគ្រោងពង្រីករថយន្តបណ្ដុះបណ្ដាលចល័តឱ្យបាន ៤០ គ្រឿងនៅឆ្នាំ២០២៧ និង ៥០ គ្រឿងនៅឆ្នាំ២០២៨។
សម្ដេចនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួងយកចិត្តទុកដាក់លើគុណភាពនៃការបណ្ដុះបណ្ដាល ដោយត្រូវរៀបចំគ្រូបង្រៀន និងមេរៀនឱ្យមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕ ដោយ៖ ប៉ៃ សុឃីម



