នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច ចូលរួមកិច្ចប្រជុំប្រចាំខែតាមប្រព័ន្ធ Zoom ស្តីពីការតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំ ខេត្តតាកែវ កណ្ដាល កំពង់ចាម និងរតនគិរី បានរាយការណ៍ពីលទ្ធផលនៃការបង្ក្រាបបទល្មើសបច្ចេកវិទ្យាក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦។
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា កម្ពុជាបានបន្តចាត់វិធានការយ៉ាងសកម្មលើការបង្ក្រាបបទល្មើស Online Scam ដោយទីតាំងសង្ស័យជាច្រើនត្រូវបានបោសសម្អាតស្ទើរទាំងស្រុង។ ទោះជាយ៉ាងណា សមត្ថកិច្ចត្រូវបន្តសហការគ្នាដើម្បីលុបបំបាត់បទល្មើសប្រភេទនេះឱ្យអស់ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។
ឯកឧត្តមក៏បានណែនាំឱ្យពង្រឹងការគ្រប់គ្រងអន្តោប្រវេសន៍ និងត្រួតពិនិត្យជនបរទេសស្នាក់នៅខុសច្បាប់។ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅ នឹងមិនមានការលើកលែងការផាកពិន័យចំពោះការស្នាក់នៅខុសច្បាប់ទៀតឡើយ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានដាក់ផែនការបង្កើតក្រុមប្រតិបត្តិការចល័តតូចៗ ដើម្បីតាមបង្ក្រាបក្រុមឧក្រិដ្ឋជនដែលបំបែកខ្លួនពីបណ្តាញធំៗ ព្រមទាំងជំរុញឱ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ អនុវត្តវិធានការបង្ក្រាបឱ្យមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ ក៏ត្រូវពង្រឹងកិច្ចសហការជាមួយស្ថានទូត ធនាគារ ក្រុមហ៊ុនទូរគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីចែករំលែកទិន្នន័យ និងទប់ស្កាត់ប្រតិបត្តិការហិរញ្ញវត្ថុសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យទទួលបានជោគជ័យ៕
អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ទាវ វិឆាត










