រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឃុំក្រយា ខេត្តកំពង់ធំប្រែមុខមាត់ថ្មី៖ លោកអ្នកឧកញ៉ា ទ្រី ភាព បំពាក់ភ្លើងសឡា ២៥០ដើម ជួយបំភ្លឺដងផ្លូវជនបទដាច់ស្រយាលពេលរាត្រី

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(កំពង់ធំ)៖ ទីប្រជុំជនឃុំក្រយា នៃស្រុកប្រាសាទបល្ល័ង្ក ដែលធ្លាប់តែជួបការលំបាក និងប្រឈមនឹងគ្រោះថ្នាក់ក្នុងការធ្វើដំណើរនាពេលរាត្រីដោយសារភាពងងឹតស្លុបនោះ បច្ចុប្បន្នត្រូវបានប្រែជារស្មីភ្លឺចិញ្ចែងចិញ្ចាចជាលើកដំបូង បន្ទាប់ពីទទួលបានការដំឡើងអំពូលភ្លើងដើរដោយថាមពលព្រះអាទិត្យ (សឡា) ចំនួន ២៥០ ដើម នៅសងខាងផ្លូវអភិវឌ្ឍន៍ជនបទ។

សមិទ្ធផលថ្មីនេះ កើតចេញពីជំនួយឧបត្ថម្ភរបស់ លោកអ្នកឧកញ៉ា ទ្រី ភាព ប្រធានគណៈពង្រឹងការងារស្រុកប្រាសាទបល្ល័ង្ក និងជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឆ្លើយតបទៅនឹងការលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ខ្សែផ្លូវនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដែលតភ្ជាប់ទីប្រជុំជនស្រុកប្រាសាទបាល្ល័ង្ក ទៅកាន់ស្រុកស្ទោង ដែលមានចរាចរណ៍ធ្វើដំណើរយ៉ាងមមាញឹក។

ផលប្រយោជន៍ និងក្តីរំពឹងរបស់ប្រជាពលរដ្ឋ៖
ពន្លឺភ្លើងនេះបានជួយសម្រួលដល់ការធ្វើដំណើរពេលយប់របស់សិស្សានុសិស្ស និងការដឹកជញ្ជូនកសិផលរបស់ពលរដ្ឋ ព្រមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងក្តីបារម្ភនានា។

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមានភាពត្រេកអរយ៉ាងខ្លាំង និងរំពឹងថាគម្រោងដំឡើងអំពូលសឡានេះ នឹងពង្រីកទៅកាន់បណ្តាឃុំផ្សេងៗទៀតក្នុងស្រុក។

គួរជម្រាបថា ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ចាប់តាំងពីទទួលបានការចាត់តាំងពីសម្តេចតេជោ ហ៊ុន សែន មក លោកអ្នកឧកញ៉ា ទ្រី ភាព និងក្រុមការងារបានកសាងសមិទ្ធផលជាច្រើនសម្រេចតាមបំណងប្រាថ្នារបស់ពលរដ្ឋ រួមមាន៖ ការសាងសង់ប៉ុស្តិ៍នគរបាល, ជួសជុលស្ពានឈើ, ស្ថាបនាផ្លូវក្រួសក្រហម និងត្រៀមបើកការដ្ឋានសាងសង់ស្ពានបេឡេឆ្លងស្ទឹងស្ទោងនៅភូមិគេន្ទាកក្នុងពេលឆាប់ៗខាងមុខ។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ លោកអ្នកឧកញ៉ាក៏បានបង្កើតកម្មវិធីសង្គមធម៌ ដោយឧបត្ថម្ភថវិកា ២០ម៉ឺនរៀល និងអង្ករ ៥០គីឡូក្រាម ដល់គ្រួសារមរណភាព និងចងដៃ ១០០ដុល្លារ សម្រាប់គូស្រកររៀបអាពាហ៍ពិពាហ៍ថ្មីនៅក្នុងស្រុកផងដែរ៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…