«ការវិវត្តយ៉ាងឆាប់រហ័សនៃព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ទាមទារឱ្យមន្ត្រីព័ត៌មាននិងសាធារណមតិត្រូវតែពង្រឹងសមត្ថភាពក្នុងការឆ្លើយតបឱ្យបានទាន់ពេលវេលា»។ នេះជាការថ្លែងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) នៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការពង្រឹងការងារសាធារណមតិនិងការប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត» នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលដែលមានការចូលរួមពីប្រធានមន្ទីរអង្គភាព មន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់នៅក្នុងខេត្តព្រះសីហនុ រួមទាំងក្រុមការងារព័ត៌មាននិងសាធារណមតិមកពីខេត្តកោះកុង ពិសេសគឺក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងកោះកុងសរុបជាង៥០០នាក់ ដើម្បីពង្រឹងការអនុវត្តការងារព័ត៌មាននិងសាធារណមតិក្នុងការបង្កើនជំនាញប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនាពេលនេះ ក៏បានចែករំលែកបទពិសោធន៍ជាក់ស្តែងដែលបានជួបប្រទះនាពេលកន្លងមក ដើម្បីធ្វើយ៉ាងណាឱ្យមន្ត្រីព័ត៌មានពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ-សង្កាត់នៅក្នុងខេត្តព្រះសីហនុ និងខេត្តកោះកុង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតប ដើម្បីបកស្រាយបំភ្លឺបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ជាក់ស្តែង វគ្គបណ្តុះបណ្តាលនេះ មានការធ្វើបង្ហាញពីវាគ្មិនចំនួន២រូប ដែលមានបទពិសោធន៍និងការអនុវត្តជាក់ស្តែងលើការងារព័ត៌មាន និងសាធារណមតិ គឺឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនិងកញ្ញា ម៉ាក រ័ត្នមុនី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការងារបញ្ញាសិប្បនិម្មិតរបស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាន និងសាធារណៈមតិ (គ.ស.ព.ស)។
ឯកឧត្តម ស្វាយ ស៊ីថា ជឿជាក់ថា «ធាតុចូលសំខាន់ៗដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងស្មារតី ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវកាន់តែខ្ពស់របស់សិក្ខាកាមទាំងអស់ ក្នុងការអនុវត្តការងារព័ត៌មាន និងសាធារណមតិ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាការពារសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់ សង្គមជាតិ ជាពិសេសនៅពេលដែលតំបន់និងពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់»៕
អត្ថបទ៖ ង៉ែត ពិសាន្ត











រូបភាព៖ ទាវ វិឆាត
