តាមការព្រមានរបស់អាជ្ញាធរឧតុនិយម តំបន់ទាំង៣របស់កម្ពុជានឹងបន្តមានភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់ខ្លាំង ពីថ្ងៃទី២១–២៣ ខែមិថុនា។ អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ និងត្រៀមបង្ការផលប៉ះពាល់អាកាសធាតុ ដើម្បីការពារមនុស្សនិងទ្រព្យសម្បត្តិ។
ការព្យាករបានបង្ហាញស្ថានភាពតំបន់ទាំង៣។ តំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា 26°C និងអតិបរមា 36°C ខ្យល់និរតី និងអាគ្នេយ៍មានល្បឿនមធ្យម 3 ម៉ែត្រក្នុងមួយវិនាទី។ ភ្លៀង ខ្យល់ខ្លាំង និងផ្គររន្ទះអាចគ្របដណ្តប់ 20% នៃផ្ទៃដី។
តំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា 24°C និងអតិបរមា 35°C ដោយមានខ្យល់និរតីនិងអាគ្នេយ៍ល្បឿនមធ្យម 3 ម៉ែត្រក្នុងមួយវិនាទី។ ភ្លៀង ខ្យល់ខ្លាំង និងផ្គររន្ទះអាចគ្របដណ្តប់ 15% នៃផ្ទៃដី។ ចំណែកតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា 25°C និងអតិបរមា 35°C ដោយមានខ្យល់និរតីនិងអាគ្នេយ៍ល្បឿនមធ្យម 2 ម៉ែត្រក្នុងមួយវិនាទី។
តំបន់ឆ្នេររួមមានកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀង ខ្យល់ខ្លាំង និងផ្គររន្ទះបន្ថែម ដោយតំបន់រងឥទ្ធិពល អាចមានទំហំ 20%។
នៅសមុទ្រ ការព្យាករបង្ហាញកម្ពស់ រលកមធ្យមអប្បបរមា 0.50 ម៉ែត្រ និងអតិបរមា 1.50 ម៉ែត្រ។អាជ្ញាធរឧតុនិយមបានអំពាវនាវឱ្យប្រជាពលរដ្ឋតាមដានការប្រែប្រួលធាតុអាកាស ជាពិសេសអ្នកបើកបរ អ្នកនេសាទ និងអ្នកធ្វើការក្រៅអគារ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះផ្គររន្ទះនិងខ្យល់ខ្លាំងភ្លាមៗ ដើម្បីបង្ការគ្រោះថ្នាក់។


