ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មេបញ្ជាការអាវុធហត្ថថ្មីខេត្តមណ្ឌលគិរី ប្តេជ្ញាចិត្តលុបបំបាត់បទល្មើសឆបោក Online Scams ក្នុងមូលដ្ឋាន

KPS99TV

សេចក្តីសង្ខេប

មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីដែលទើបកាន់តំណែងជិត១ខែ បានដាក់បទបញ្ជាថ្ងៃទី២០ មិថុនា ឱ្យកងកម្លាំងសហការទប់ស្កាត់ និងលុបបំបាត់ឆបោកអនឡាញ ព្រមទាំងពង្រឹងវិន័យ សីលធម៌ ការបម្រើសាធារណៈ និងត្រួតពិនិត្យសម្ភារៈ។

(មណ្ឌលគិរី ) ៖ បន្ទាប់ពីឡើងកាន់តំណែងបានជិត ១ខែ លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានចេញបទបញ្ជាយ៉ាងតឹងរ៉ឹងដល់គ្រប់កងកម្លាំងទាំងអស់ ឱ្យសហការគ្នាយ៉ាងសកម្មដើម្បីទប់ស្កាត់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scam)។ លោកបានសង្កត់ធ្ងន់ជាដាច់ខាត មិនឱ្យតំបន់ភូមិភាគឦសានមួយនេះ ក្លាយជាជម្រកប្រព្រឹត្តបទល្មើសរបស់ក្រុមជនខិលខូចឡើយ។

បទបញ្ជានេះត្រូវបានដាក់ចេញកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសដែលលោកចុះសួរសុខទុក្ខ និងពិនិត្យមើលការងាររបស់មន្ត្រីអាវុធហត្ថតាមបណ្តាស្រុក-ក្រុង និងស្នាក់ការនានាក្នុងខេត្ត។

ការបង្ក្រាបបទល្មើសបច្ចេកវិទ្យា និងការឆបោកអនឡាញគ្រប់ទម្រង់ គឺជាទិសដៅចម្បងដែលត្រូវអនុវត្តឱ្យខានតែបាន ដើម្បីធានាសុវត្ថិភាពសង្គម លើកស្ទួយកិត្តិយសអង្គភាព និងការពារប្រយោជន៍ប្រជាជន។

លោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះកងកម្លាំងដែលតែងតែខិតខំបំពេញភារកិច្ចយ៉ាងល្អកន្លងមក។ ជាមួយគ្នានោះ លោកក៏បានជំរុញឱ្យមន្ត្រីទាំងអស់បន្តពង្រឹងវិន័យ ក្រមសីលធម៌ និងអាកប្បកិរិយាក្នុងការបម្រើសេវាសាធារណៈ។

ការថែរក្សាសុខភាព អនាម័យ និងការត្រួតពិនិត្យសម្ភារៈបច្ចេកទេស គឺជារឿងចាំបាច់ដែលត្រូវធ្វើជាប្រចាំ ដើម្បីធានាថាការចុះប្រតិបត្តិការផ្សេងៗអាចដំណើរការទៅមុខដោយរលូន និងគ្មានបញ្ហារអាក់រអួល៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…