ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សេចក្តីព្រាងច្បាប់ស្តីពីផ្លូវថ្នល់គ្រោងដាក់ជូនព្រឹទ្ធសភាក្រោយឆ្លងរដ្ឋសភាអនុម័តរួចរាល់

KPS99TV

សេចក្តីសង្ខេប

រដ្ឋសភាបានអនុម័តសេចក្ដីព្រាងវិសោធនកម្មច្បាប់ស្ដីពីផ្លូវថ្នល់នៅព្រឹកថ្ងៃទី២២ មិថុនា ហើយគ្រោងបញ្ចូលក្នុងរបៀបវារៈព្រឹទ្ធសភាឆាប់ៗ។ វិសោធនកម្ម១៥មាត្រាផ្ដោតលើកម្រិតទម្ងន់អតិបរមា និងពិន័យពាក់ព័ន្ធ។

នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានរដ្ឋសភាអនុម័ត និងគ្រោងដាក់បញ្ចូលក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភានាពេលឆាប់ៗខាងមុខ។ រដ្ឋសភាអនុម័តលើសេចក្តីព្រាងច្បាប់ខាងលើនៅក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ក្រោមអធិបតីភាពសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីផ្លូវថ្នល់ ជាការធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសជាតិ។

មាត្រាទាំង១៥ នៃច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មនាពេលនេះមាន ៖ មាត្រា២៥ មាត្រា២៦ មាត្រា៤៨ មាត្រា៤៩ មាត្រា៥០ មាត្រា៥៦ មាត្រា៥៧ មាត្រា៥៨ មាត្រា៥៩ មាត្រា៦០ មាត្រា៦១ មាត្រា៦៦ មាត្រា៦៧ មាត្រា៦៨ និងមាត្រា៦៩ ។

តាមការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាល ការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ គឺដើម្បីឆ្លើយតបទៅនឹងសំណូមពរខាងវិស័យឯកជន ក៏ដូចជាការអភិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ព្រមទាំងត្រូវបានកំណត់ជាការងារអាទិភាពនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។ ការធ្វើវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដើម្បីកែសម្រួលកម្រិតទម្ងន់អតិបរមា លើបណ្តាញផ្លូវថ្នល់ ព្រមទាំងពិន័យអន្តរការណ៍ និងទោសប្បញ្ញត្តិចំពោះបទល្មើស ការកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមាលើបណ្តាញផ្លូវថ្នល់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…