(បាត់ដំបង) ៖ ដើម្បីលើកស្ទួយផលិតផលកសិកម្មក្នុងស្រុក និងទាក់ទាញភ្ញៀវទេសចរ រដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ កំពុងត្រៀមរៀបចំ «ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ប្រចាំឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅយ៉ាងអធិកអធមរយៈពេល ១០ថ្ងៃពេញ គឺចាប់ពីថ្ងៃទី១០ ដល់ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។
ថ្លែងក្នុងកិច្ចប្រជុំត្រៀមរៀបចំកាលពីថ្ងៃទី២៣ ខែមិថុនា ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ព្រឹត្តិការណ៍ឆ្នាំនេះនឹងរៀបចំឱ្យប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុនៗ ដោយនឹងមានការរៀបចំក្បួនដង្ហែផ្លែឈើដ៏ស្រស់ស្អាតនៅថ្ងៃបើកកម្មវិធី ព្រមទាំងមានការរៀបចំ "ប៊ូហ្វេទុរេន" ចំនួន៣ថ្ងៃពេញ ដើម្បីផ្តល់ឱកាសឱ្យអ្នកចូលរួមបានភ្លក្សរសជាតិទុរេនដ៏ល្បីល្បាញប្រចាំខេត្តបាត់ដំបង។
គោលបំណងសំខាន់នៃការបង្កើតព្រឹត្តិការណ៍នេះឡើង គឺដើម្បីផ្តល់ឱកាសដល់បងប្អូនកសិករ អាចនាំយកផលិតផលបន្លែផ្លែឈើដែលខ្លួនដាំដុះផ្ទាល់ មកដាក់តាំងបង្ហាញ និងលក់ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តម សុខ លូ ក៏បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំង១៤ ត្រូវពាំនាំនូវផ្លែឈើដែលមានសក្តានុពលប្រចាំតំបន់រៀងៗខ្លួនមកចូលរួម ព្រមទាំងបញ្ជាឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវសហការគ្នារក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរ។
ជុំវិញការរៀបចំនេះ លោក ណៃ ចន ប្រធានសហគមន៍កសិកម្មកសិទេសចរណ៍អភិវឌ្ឍសំឡូត បានសម្តែងការសាទរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តដែលបានបង្កើតកម្មវិធីនេះឡើង។ លោកបានបញ្ជាក់ថា សហគមន៍បានត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំយកផលិតផលផ្លែឈើក្នុងស្រុក ១០០% ជាពិសេសទុរេនសំឡូតដ៏មានរសជាតិឆ្ងាញ់ មកចូលរួមតាំងលក់ក្នុងព្រឹត្តិការណ៍នេះ និងបានអំពាវនាវឱ្យមហាជនចូលរួមគាំទ្រឱ្យបានច្រើនកុះករ។
គួររំឭកផងដែរថា កាលពីឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលខេត្តបាត់ដំបងក៏ធ្លាប់បានរៀបចំព្រឹត្តិការណ៍ផ្លែឈើនេះរយៈពេល៧ថ្ងៃរួចមកហើយ នៅបរិវេណមុខសាលាខេត្ត ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង និងមានអ្នកចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕
ដោយ ៖ ឡាយ កុល





