រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងអប់រំ ប្រកាសឱ្យបញ្ឈប់ការប្រកួតប្រដាល់គុនខ្មែរគ្មានច្បាប់អនុញ្ញាត និងខុសស្តង់ដារនៅខេត្តព្រៃវែង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា
ថ្មីៗនេះ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីការរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ នៅវត្តមេសប្រធាន ឃុំមេសប្រធាន ស្រុកពាមរក៍ ខេត្តព្រៃវែង ដឹកនាំរៀបចំដោយ លោក មាស ម៉ី ដែលមានលក្ខណៈមិនសមស្រប និងបានបង្កឱ្យមានការចាប់អារម្មណ៍ពីសាធារណជន ជាពិសេសលើកទឹកចិត្តឱ្យកុមារ និងអនីតិជនចូលរួមប្រកួតកីឡាវាយតប់គ្នា ដែលពុំស្របតាមគោលការណ៍អភិវឌ្ឍកីឡាប្រកបដោយសុវត្ថិភាព និងការការពារកុមារ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ក្រុមការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចុះជួបជាមួយអាជ្ញាធរមូលដ្ឋាន និងបានរកឃើញថា ការរៀបចំប្រកួតនេះពុំបានបំពេញលក្ខខណ្ឌបច្ចេកទេសស្របតាមបទប្បញ្ញត្តិរបស់សហព័ន្ធឡើយ ជាពិសេសការផ្គូផ្គងកីឡាករពុំមានការវាយតម្លៃច្បាស់លាស់លើសមត្ថភាព បទពិសោធន៍ និងប្រភេទទម្ងន់ ដែលអាចបង្កហានិភ័យដល់សុវត្ថិភាព និងសុខភាពរបស់កីឡាករ ជាមួយគ្នានេះ អ្នករៀបចំ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ រួមទាំងអាជ្ញាកណ្តាល ពុំមានវិញ្ញាបនបត្របញ្ជាក់ពីការបណ្តុះបណ្តាល និងការទទួលស្គាល់ពីសហព័ន្ធ។ ម្យ៉ាងវិញទៀត សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏មិនបានចេញលិខិតអនុញ្ញាត ឬឯកភាពឱ្យរៀបចំកម្មវិធីនេះឡើយ។ ក្រុមការងាររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជម្រាបជូនអាជ្ញាធរមូលដ្ឋាន និងបានណែនាំឱ្យអ្នករៀបចំផ្អាកការប្រកួត។ ទោះជាយ៉ាងណា អ្នករៀបចំកម្មវិធីនៅតែបន្តរៀបចំការប្រកួតនេះដោយបង្វែររៀបចំការប្រកួតនៅទីតាំងផ្សេងទៀត ដោយមិនមានការអនុញ្ញាត និងការឯកភាពពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរឡើយ។

ក្រសួងអប់រំ ស្នើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវណែនាំ និងបញ្ឈប់ជាបន្ទាន់នូវការរៀបចំការប្រកួតនេះ។ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់គ្រប់ស្ថាប័ន អង្គភាព សមាគម និងបុគ្គលដែលមានបំណងរៀបចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ ត្រូវគោរពតាមបទប្បញ្ញត្តិ លក្ខខណ្ឌបច្ចេកទេស និងនីតិវិធីជាធរមាន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព សុខភាព និងសេចក្តីថ្លៃថ្នូររបស់កីឡាករ៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…