(សៀមរាប) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវយ៉ាងទទូចដល់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម ជាពិសេសគឺបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងនៅក្នុងតំបន់។
ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើក កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ ថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសអាស៊ានទាំង១១ ត្រូវរួមគ្នាទប់ស្កាត់រាល់ទម្រង់នៃបទល្មើសដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងព្រំដែនឱ្យទាន់យុគសម័យឌីជីថល ដែលកាន់តែមានភាពស្មុគស្មាញ។
ជុំវិញកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍កម្ពុជា បានបញ្ជាក់ផងដែរថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានកំណត់យកប្រធានបទដ៏សំខាន់មួយគឺ «ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ធនធានមនុស្ស» ក្នុងគោលដៅឆ្ពោះទៅកសាងតំបន់អាស៊ានមួយដែលមានសុវត្ថិភាព និងសមាហរណកម្មខ្ពស់ ដើម្បីទប់ទល់នឹងបទល្មើសបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ន៕
ដោយ ៖ ឡាយ កុល



