រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកអគ្គរាជទូតឥណ្ឌូនេស៊ី កោតសរសើរកម្ពុជាលើការគ្រប់គ្រងវិស័យព័ត៌មានបានយ៉ាងល្អ

សេចក្តីសង្ខេប

ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅសៀមរាប លោក Santo Darmosumarto ឯកអគ្គរាជទូតឥណ្ឌូនេស៊ី បានជួបរដ្ឋមន្ត្រីព័ត៌មាន នេត្រ ភក្ត្រា ដោយកោតសរសើរសកម្មភាពវិស័យព័ត៌មាន និងសោតទស្សន៍របស់កម្ពុជា និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ។

(សៀមរាប)៖ ជំនួបទ្វេភាគីរវាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងលោក Santo Darmosumarto ឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក្នុងសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ (20th Asia Media Summit) ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» នៅសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥។ 

លោកឯកអគ្គរាជទូតឥណ្ឌូនេស៊ី បានកោតសរសើរក្រសួងព័ត៌មាន ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម ដែលលោកឯកអគ្គរាជទូតបានមើលតាមប្រព័ន្ធផ្សព្វផ្សាយបានឃើញមានគំនិតផ្ដួចផ្ដើមហើយ និងសកម្មភាពជាច្រើនពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ដែលឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីមើលឃើញថា ជាចំណុចវិជ្ជមានមួយល្អប្រសើររបស់ក្រសួងព័ត៌មាន។

លោកឯកអគ្គរាជទូតឥណ្ឌូនេស៊ី ក៏បានលើកឡើងរវាងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានឥណ្ឌូនេស៊ី ហើយក្រសួងព័ត៌មានកម្ពុជាក៏បានរៀបចំសេចក្ដីព្រាង MOU ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌មានឥណ្ឌូនេស៊ីផងដែរ។

លោកឯកអគ្គរាជទូតឥណ្ឌូនេស៊ី Santo Darmosumarto ក៏បានកោតសរសើរចំពោះវឌ្ឍនភាពនៃសហគមន៍អ៊ីស្លាមនៅកម្ពុជា ដែលឯកឧត្តមឯកអគ្គរាជទូតឥណ្ឌូនេស៊ីបានកោតសរសើរ ពីសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅកម្ពុជាដែលជាគំរូមួយនៅក្នុងតំបន់ហើយក៏ដូចជាក្នុងពិភពលោក ដែលពិភពលោកគួររៀនសូត្រពីកម្ពុជានិងយកគំរូតាមក្នុងការធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍និងសាសនា។

ជាការឆ្លើយតប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នេះ កំពុងទទួលបានការគាំទ្រ ពីបណ្តាប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ាន និងតំបន់ដទៃទៀត។ យុទ្ធនាការនេះដែរ គឺដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាជន ចំពោះព័ត៌មានក្លែងក្លាយ និងកុំឱ្យប្រជាជនងាយលង់ជឿរជាមួយព័ត៌មានប្រឌិត ដែលមិនមានប្រភពច្បាស់លាស់៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…