ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មេបញ្ជាការកងទ័ពជើងទឹក៖ បន្តហ្វឹកហ្វឺន និងបំប៉នជំនាញ ដើម្បីពង្រឹងសមត្ថភាពយោធិនឱ្យកាន់តែរឹងមាំ

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ឧត្តមនាវីឯក ទៀ សុខា បានថ្លែងនៅពិធីបើកវគ្គសេនាធិការជំនាន់ទី១ និងជំនាញនាវិកភាពជំនាន់ទី១១ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថាកងទ័ពជើងទឹកនឹងបន្តហ្វឹកហ្វឺន និងបំប៉នជំនាញ ដើម្បីពង្រឹងសមត្ថភាពយោធិន។

ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានថ្លែងថា កងទ័ពជើងទឹកបន្តអនុវត្តការងារហ្វឹកហ្វឺន និងបំប៉នជំនាញជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពយោធិន និងឆ្លើយតបទៅនឹងការងារកំណែទម្រង់របស់ កងយោធពលខេមរភូមិន្ទ។
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក លើកឡើងនេះធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលសេនាធិការ ជំនាន់ទី១ និងវគ្គបណ្តុះបណ្តាលជំនាញនាវិកភាព ជំនាន់ទី១១ ឆ្នាំ២០២៦ នៅវិទ្យាស្ថានកងទ័ពជើងទឹក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តមបានបញ្ជាក់ថា កងទ័ពជើងទឹកបានអនុវត្តតួនាទី និងភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី ដែនទឹក កោះ និងឆ្នេរសមុទ្ររបស់កម្ពុជា ព្រមទាំងសហការជាមួយកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងស្ថានការណ៍នានាប្រកបដោយប្រសិទ្ធភាព។
ក្រៅពីភារកិច្ចស្នូល កងទ័ពជើងទឹកក៏ផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងចំណេះដឹង ចំណេះធ្វើរបស់យោធិន តាមរយៈការហ្វឹកហ្វឺន និងបណ្តុះបណ្តាលជាបន្តបន្ទាប់។
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានបន្ថែមថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងសមត្ថភាពយោធិន ដើម្បីឆ្លើយតបទៅនឹងភារកិច្ចការពារជាតិ និងការកសាងកងទ័ពឱ្យមានជំនាញខ្ពស់ និងទំនើប ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…