នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា»។
សិក្ខាសាលានេះ មានការចូលរួមពីលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺ តំណាងមន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្ម វិស័យឯកជន ពាណិជ្ជករ ធុរជន អ្នកនាំចេញ និងគ្រឹះស្ថានឧត្តមសិក្សាជាច្រើនរូប។
ការរៀបចំសិក្ខាសាលានេះ មានគោលបំណងផ្តល់ព័ត៌មានអំពីឱកាសទីផ្សារនៅប្រទេសកាណាដា ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ វិធានប្រភពដើមទំនិញ និងនីតិវិធីនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារកាណាដា។
ក្នុងឱកាសនោះ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្មក៏បានធ្វើបទបង្ហាញសំខាន់ៗចំនួន៣ រួមមាន៖
១. មគ្គុទេសក៍ស្តីពីការនាំចេញទៅកាន់ទីផ្សារកាណាដា។
២. នីតិវិធីនាំចេញ និងវិធានដើមកំណើតទំនិញសម្រាប់ការនាំចេញទៅប្រទេសកាណាដា។
៣. ការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។
សិក្ខាសាលានេះ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងសមត្ថភាពអ្នកផលិត និងអ្នកនាំចេញកម្ពុជា ក្នុងការពង្រីកទីផ្សារ និងបង្កើនការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារកាណាដា៕
ដោយ៖ ប៉ៃ សុឃីម










