រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាត្រៀមចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២២នៅទីក្រុងណាននីងប្រទេសចិន

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសពីការត្រៀមខ្លួនចូលរួម និងរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង ប្រទេសចិន។ ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម។

កិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តម ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក-លោកស្រីអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីរាជការនៃនាយកដ្ឋានទាំងបីចំណុះអគ្គនាយកដ្ឋាន។ 

ឯកឧត្តមអគ្គនាយក បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន បានសម្រេចនូវសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ ជាពិសេសការងាររៀបចំទិវាជាតិកម្ពុជា ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន ការងារតាមដាននិងរៀបចំគោលនយោបាយជាតិ។ ក្រៅពីនេះ ក៏មានការត្រៀមចូលរួម និងរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២២ នៅទីក្រុងណាននីង ប្រទេសចិន និងការងារជំរុញនិងលើកកម្ពស់ផលិតផលខ្មែរ។ 

ឯកឧត្ដម បានណែនាំឱ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់នៅក្នុងអគ្គនាយកដ្ឋាន យកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារឱ្យបានទៀងទាត់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវបន្តពង្រឹងសមត្ថភាពជាប្រចាំ ដើម្បីជាការអភិវឌ្ឍខ្លួនឯងផង និងការពង្រឹងប្រសិទ្ធភាពការងាររបស់ស្ថាប័នផង។

សូមជម្រាបថា ពិព័រណ៍ចិន-អាស៊ាន លើកទី២២ (The 22st China-ASEAN Expo) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិ ទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ពិព័រណ៍ចិន-អាស៊ាន ជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជា នឹងរៀបចំកម្មវិធីមួយចំនួន នៅក្នុងពិព័រណ៍នេះ ដូចជារៀបពន្លាជាតិកម្ពុជា និងតាំងបង្ហាញផលិតផលខ្មែរ។ បន្ថែមលើនេះ រៀបចំដំណើរទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុន សហគ្រាសផងដែរ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…